ល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី និងល្បែងផ្សេងៗទៀតកើតឡើងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាប
កំពត ៖ ថ្មីៗនេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្នុងមូលដ្ឋានពួកគាត់ល្បែងបញ្ជល់មាន់ បៀ អាប៉ោង យូគី និងល្បែងផ្សេងៗទៀតកើតឡើងពេញបន្ទុកហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការបង្ក្រាបឡើយ។ ជាពិសេសលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង7ចំណុចនោះទេ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំនៅចំណុចអូរតូច ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងអាប៉ោង ដែលមានទីតាំងនៅចំណុចអូរតូច ភូមិអណ្ដូងខ្មែរ យ៉ាងពពាក់ពពូនមិនខ្លាចឆ្លងជំងឺអ្វីទាំងអស់។ ប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច ដែលផ្ដើមចេញពីល្បែងស៊ីសងខុសច្បាប់។
ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់កាស៊ីណូ សុខ គីមម៉េង នៅច្រកតន់ហន់ បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូយ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មិនចាត់វិធានការទប់ស្កាត់ករណីម្ចាស់កាស៊ីណូ សុខ គីមម៉េង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុកនោះ។ ផ្ទុយទៅវិញគឺមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពត កំពុងបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹងធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម៕