ភ្ញាក់ផ្អើលពេញ ក្រុងប៉ោយប៉ែត បន្ទាប់ពីក្មេងស្រី សិស្សសាលា ម្នាក់ អាយុ ៨ឆ្នាំ បាន បាត់ ខ្លួន ដោយមិនទាន់ដឹងមូលហេតុ
បន្ទាយមានជ័យ ÷ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ បង្កការភ្ញាក់ផ្អើលពេញ ក្រុងប៉ោយប៉ែត បន្ទាប់ ពី ក្មេងស្រី សិស្សសាលា ម្នាក់ អាយុ ៨ឆ្នាំ បាន បាត់ ខ្លួន ដោយមិន ទាន់ដឹងមូល ហេតុ ច្បាស់លាស់ បន្ទាប់ពី ទៅ រៀន ហើយ មិន ឃើញ ត្រឡប់ ទៅផ្ទះវិញ ។ សមត្ថកិច្ចចម្រុះ មានដូចជា កម្លាំងអាវុធហត្ថ នគរបាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និង អ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក។ ករណីនេះកើតឡើងនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បុរសជាឪពុកមានឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។គ្រួសារនេះ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែល បាត់ខ្លួន ជា កូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។
ស្ត្រីជាម្តាយ បានប្រាប់សារព័ត៌មាន យើង ឲ្យដឹងថា កូនស្រីរបស់ គាត់ មិនដឹង បាត់ខ្លួន តាំង ពី ម៉ោងប៉ុន្មាន ឡើយ ដោយសារ គាត់ដឹងត្រឹមតែថា កូនបានចេញ ពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចពេលមុនៗ ។ គាត់បន្តថា លុះម៉ោងជាង ១១ ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះ ទើបទៅសួរ គ្រូ ស្រាប់តែ អ្នកគ្រូ ប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះ មិនឃើញ កូន របស់គាត់ ទៅរៀនទេ ទើបធ្វើឲ្យមានការ ភ្ញាក់ផ្អើល ឆោឡោ បាត់កូនតែម្តង។
ម្តាយឪពុក ក្មេងស្រី ដែលបាត់ខ្លួន បាននាំគ្នាដើរកកូន ដោយឲ្យពលរដ្ឋដទៃទៀត ជួយ ចុះរាវ ក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅ សាលា តែមិនឃើញ។ ករណីតាមរកផ្អើលភូមិនេះសិស្សស្រីនៅតែបាត់ខ្លួនដដែលបន្សល់តែកាបូបសៀវភៅមិនមែនដាក់ចោលឬនៅតាមផ្លូវទេគឺបោះចូលក្នុងព្រៃកន្ទ្រាំងខែត គេសង្ស័យថា អាចជា ស្នាដៃ របស់ ជនណាម្នាក់ ព្រោះក្នុង កាបូប នោះ មាន ទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៍ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ។ ទោះបី ជាមាន ការតាមស្វែង រក យ៉ាងស្វាត់ស្វែង ក៏ដោយ រហូតមកទល់ម៉ោងជាង ៥រសៀល ថ្ងៃដដែលនេះ ក្មេងស្រីមិនទាន់ រកឃើញនៅឡើយ ខណៈឪពុកម្តាយក្មេងស្រីរូបនេះ បានត្រឹមតែ ទ្រហ៊រ យំបោកខ្លួន ដូចអក ចង់ជួបកូន វិញ ខណៈរឿងនេះ គេ នៅមិនទាន់ ដឹងថា ជាករណីអ្វី ឲ្យពិត ប្រាកដ នៅឡើយ ទេ ៕