ប្លែក! កញ្ញា សេង ធារី ក្នុងសម្លៀកបំពាក់របស់ជនត្រូវចោទ និងអ្នកគាំទ្រម្នាក់ មានអ្នកដំណើរខ្លះយល់ច្រឡំថា ពួកគាត់ទាំង២ ដើរដង្ហែសពទៅកាន់វត្តព្រះពុទ្ធ ដើរចូលតុលាការលើសំណុំរឿង «ក្បត់ជាតិ»

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ តាមការកំណត់របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបន្តការសួរដេញដោលលើសំណុំរឿង «ក្បត់ជាតិ» ដែលមានទណ្ឌិត សម រង្ស៊ី និងអតីតសកម្មជនគណៈបក្សសង្គ្រោះជាតិ ប្រមាណ៤២នាក់ពាក់ព័ន្ធ ដែលនេះជាសវនាការលើកទី៨ ដោយបានចាប់ផ្តើមតាំងថ្ងៃទី០៧ ថ្ងៃទី១៤ ថ្ងៃទី២១ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០៤ ខែមករា ថ្ងៃទី១៥ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ។

ជនជាប់ចោទទាំងនៅក្នុងឃុំ និងនៅក្រៅឃុំ ៤២នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ពីបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់» បទ«ញុះញុងឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់» ដែលបទល្មើសទាំងអស់នេះ មានចែងនៅក្នុងបទបញ្ញតិ មាត្រា២០៣. មាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ។

គេបានសង្កេតឃើញអ្នកគាំទ្រប្រមាណមិនដល់១០នាក់ បាននាំគ្នាទៅឈរមុខបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដែលស្ត្រីឈ្មោះ សាត ផា អតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ ខណ្ឌឬស្សីកែវ ហើយក៏បាត់មុខអ្នកកាសែតគាំទ្រ ទូរទស្សន៍បរទេស អាចារ៉ា អត់ឃើញទៅផ្តិតយករូបភាព និងព័ត៌មានដូចលើកមុនៗទេ ។
ជនត្រូវចោទកញ្ញា សេង ធារី និងអ្នកគាំទ្រឈ្មោះ (សាត ផា) លើកនេះក៏មិនខុសពីលើកមុនដែរ គឺគាត់នៅតែឌឺដងដាក់តុលាការ ហើយអ្នកទាំងពីរនាក់បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់ជាឈុត.ស ពាក់ម៉ាស ពណ៌ខ្មៅ ដូចអ្នកជាប់សែសាឡាយចិនកាន់ទុក្ខ នៅពេលមានសាច់ញាតិ ឬក្រុមគ្រួសារទទួលមរណភាព ហើយដៃគាត់មានកាន់ផ្កាឈូករ័ត្នម្នាក់មួយទង រួចដើរកាន់ដៃគ្នាឲ្យអ្នកកាសែតថត មុនពេលចូលទៅក្នុងសាលសវនាការ ។
ក្នុងសម្លៀកបំពាក់របស់ជនត្រូវចោទ និងអ្នកគាំទ្រម្នាក់នោះ ព្រឹកនេះមានអ្នកដំណើរខ្លះយល់ច្រឡំថា ពួកគាត់ទាំង២ ដើរដង្ហែស.ពទៅកាន់វត្តព្រះពុទ្ធ ប៉ុន្តែគេរកមើលឡានដឹកស.ពអត់ឃើញមាននោះទេ លុះបន្តិចក្រោយមកទើបឃើញកញ្ញាវ័យចំណាស់ សេង ធារី ដើរចូលតុលាការតែម្តង ។ សាកសួរដេញដោលលើជនត្រូវចោទ និងបង្ហាញភស្តុតាងពាក់ព័ន្ធបទល្មើស ដែលមុនខុសពីសវនាការចំនួន៧ លើករួចមកហើយដែរ ហើយការសួរដេញដោលក៏ត្រូវបញ្ចប់នៅត្រឹមម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះ ប្រកាសលើកសវនាការនេះទៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង