បទល្មើសនេសាទ រាលដាលកាន់តែខ្លាំងពេញផ្ទៃបឹងទន្លេសាប នៅកំពង់ឆ្នាំង

កំពង់ឆ្នំាង ៖ សេចក្ដីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា មានបុគ្គលម្នាក់ឈ្មោះ យើ ជាខ្មែរឥស្លាម រស់នៅភូមិចុងកោះ ជាអ្នករត់ការកាងបទល្មើសនេសាទ ដើម្បីឲ្យគ្នីគ្នារបស់ខ្លួនប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ។ ហេតុនេះហើយទើបបទល្មើសអូសអួនដែលមានបណ្ដោយវែងៗ បទល្មើសប្រើមងគ្រប បទល្មើសហ៊ុមសម្រាស់ និងបទល្មើសដាក់របាំងសាច់អួនក្រឡាញឹកកើតឡើងពេញផ្ទៃបឹងទន្លេសាបនៃក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង និងស្រុកបរិបូរណ៍។ មន្ត្រីរដ្ឋបាលជលផលក្រុងកំពង់ឆ្នាំង ក៏ដូចជាមន្រ្តីរដ្ឋបាលជលផលក្នុងស្រុកកំពង់លែង និងស្រុកបរិបុរណ៍ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទនោះទេ ហើយគិតតែប្រមូលលុយពីបទល្មើសនេសាទទៅវិញ។
ប្រភពព័ត៌មានពីប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកំពង់លែង ស្រុកបរិបូរណ៍ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ននេះនៅពេញផ្ទៃបឹងទន្លេសាប កើតមានបទល្មើសនេសាទ យ៉ាងពេញបន្ទុក ហើយមន្រ្តីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញមន្រ្តីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ គឺជាអ្នកបើកដៃឲ្យបទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍។ រីឯលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលបទល្មើសនេសាទរាលដាលកាន់តែខ្លាំង។

ប្រជានេសាទបានអំពាវនាវឲ្យលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ក្នុងផ្ទៃបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ដោយហេតុថា ចាប់តាំងពីអំឡុងដើមខែកុម្ភៈ ឆ្នាំ2022 រហូតមកដល់ពេលនេះ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំង ហើយមន្រ្តីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាបឡើយ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ទុកឲ្យបទល្មើសនេសាទកើតឡើងខ្លាំងក្លាជាងមុនទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង