ក្មេងប្រុសម្នាក់ ស្លាប់បាត់បង់ជីវិត ខណៈកំពុងអង្គុយលើម៉ូតូ ដើម្បីរង់ចាំសាច់ញាតិចូលទៅខ្ចីលុយគេ ស្រាប់តែមានក្មេងប្រុសម្នាក់ទៀត ត្រូវជាសាច់ញាតិជាមួយគ្នា បានយកកាំភ្លើងកែច្នៃមកភ្ជង់ លេង ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវចំក្បាល បណ្តាលឱ្យប្រកាច់ធ្លាក់ពីលើម៉ូតូស្លាប់
ខេត្តកំពង់ធំ ៖ កាលពី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចអណ្ដូងខ្សាច់ ក្នុងភូមិសាស្ត្រភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ សុង ធា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុនេះ ចំណែកជនសង្ស័យឈ្មោះ ចេង ស្រស់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ នៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
បើតាមការបំភ្លឺពីឈ្មោះ ចេង លីនី ហៅអោក ភេទប្រុស ត្រូវជាបងបង្កើតរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបក្មេងប្រុសពីរនាក់ទៅជាមួយរួមមានឈ្មោះ ចេង ស្រស់ និងឈ្មោះ សុង ធា ចូលទៅផ្ទះប្អូនស្រីឈ្មោះ ម៉េង ស្ដើង ដើម្បីខ្ចីលុយនាងយកទៅទិញម្ហូប ។ ពេលនោះ ប្អូនស្រីបានដើរឡើងលើផ្ទះដើម្បីយកលុយឱ្យគាត់ខ្ចី ហើយគាត់ក៏បានឲ្យឈ្មោះ ចេង ស្រស់ ឡើងទៅតាមយកលុយនៅលើផ្ទះ ដោយគាត់នៅឈរចាំនៅខាងក្រោម ចំណែកឈ្មោះ សុង ធា អង្គុយចាំនៅលើម៉ូតូ ។ ស្រាប់តែគាត់លាន់ឮផ្ទុះសូរផូងពីមាត់ជណ្តើរខាងលើផ្ទះមក ដោយគ្រាប់ហោះមកត្រូវចំក្បាលឈ្មោះ សុង ធា ដែលកំពុងតែអង្គុយចាំលើម៉ូតូ បណ្តាលឱ្យជនរងគ្រោះប្រកា.ច់ធ្លាក់ពីលើម៉ូតូ បន្ទាប់ពីឃើញដូច្នេះ កាត់ក៏ស្ទុះទៅលើកជនរងគ្រោះ ហើយក៏បានឃើញឈ្មោះ ចេង ស្រស់ កាន់កាំភ្លើងកែច្នៃប្រហែលយកចេញពីក្នុងផ្ទះដែលជាអាវុធកែច្នៃរបស់ឈ្មោះ សុង ដក ទុកនៅក្នុងផ្ទះ ។ បន្ទាប់មកគាត់បានឌុបជនរងគ្រោះទៅដល់មណ្ឌលសុខភាពសណ្ដាន់ដើម្បីសង្គ្រោះដែរ ប៉ុន្តែជាអកុសលជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង ។
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងគ្រូពេទ្យ បានចុះពិនិត្យសពជនរងគ្រោះនៅមណ្ឌលសុខភាពសណ្តាន់ និងកន្លែងកើតហេតុ ដោយរកឃើញនៅលើសពជនរងគ្រោះមានស្នាមរបួសបែ.កក្បាលផ្នែកខាងមុខ ទំហំប្រវែង២,៥សង្ទីម៉ែត្រ និងបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុរួមមាន ក្បាលគ្រាប់ប្រភេទផ្តាងចំនួន៨គ្រាប់ និងរំសេវចំនួនកន្លះដបជ័រតូច ។ វត្ថុតាងខាងលើយកចេញពីគម្ពោតព្រៃចម្ងាយប្រហែល៧០ម៉ែត្រពីកន្លែងកើតហេតុ ដែលឈ្មោះ សុង ដក បានយកទៅបោះចោល ។
សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យ និងជនរងគ្រោះជាប់សាច់ញាតិនឹងគ្នា ហើយក៏មិនដែលមានគំនុំអ្វីនឹងគ្នានោះឡើយ នៅពេលដែលនាំគ្នាទៅខ្ចីលុយ ខណៈនោះជនរងគ្រោះកំពុងអង្គុយចាំនៅលើម៉ូតូសុខៗ ស្រាប់តែជនសង្ស័យក៏បានយកកាំភ្លើងកែច្នៃយកមកភ្ជុងលេងពីលើផ្ទះមក ក៏ផ្ទុះចំក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង ។ សមត្ថកិច្ចជំនាញពិនិត្យចប់ ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ជនសង្ស័យបានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងតែតាមស្វែងចាប់ខ្លួនជនសង្ស័យដើម្បីយកមកចាត់ការតាមច្បាប់ ៕