ក្រុមការងារចម្រុះ ស៊ើបអង្កេត ករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំម្នាក់ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ក្រុមការងារចម្រុះមួយឈ្មោះថា CHARLIE22 បានបង្កើតឡើង ដើម្បីបើកការស៉ើបអង្កេតករណីឃាតកម្មទៅលើកុមារីអាយុ ៧ឆ្នាំម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមការងារនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារកុមារ (CPU), ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។
ការបង្កើតក្រុមការងារចម្រុះ CHARLIE22 បន្ទាប់ពីកាលពីថ្ងៃទី៩ ខែមីនា វេលាម៉ោង ៦៖៥០នាទីព្រឹក ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ នៅម៉ោង ១១៖៣០នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រីនេះបានរាយការណ៍ថាមិនឃើញក្មេងស្រីនេះ ត្រលប់មកផ្ទះវិញ។ មន្ត្រីនគរបាលមូលដ្ឋាន បានទៅពិនិត្យបញ្ជីវត្តមានរបស់ក្មេងស្រីរងគ្រោះនៅសាលា ហើយបានឃើញថាក្មេងស្រីនេះ មិនមានវត្តមានចូលរៀនទេនៅពេលព្រឹក ក្នុងថ្ងៃកើតហេតុ។
មន្ត្រីនគរបាលមូលដ្ឋាន រួមជាមួយអ្នកភូមិបានចាប់ផ្តើមស្វែងរកកុមាររងគ្រោះ។ នៅវេលាម៉ោង ១០៖៣០នាទីយប់ សាកសពរបស់ក្មេងស្រីត្រូវបានគេរកឃើញ ដោយកត់សំគាល់ថា មានការប៉ុនប៉ងកប់លាក់បាំងសាកសព។
អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ។ ការពិនិត្យកោសល្យវិច័យ និងការពិនិត្យកន្លែងកើតហេតុត្រូវបានធ្វើឡើង ហើយជាលទ្ធផល ក្រុមការងារចម្រុះ CHARLIE22 ក៏ត្រូវបានបង្កើតឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអង្គភាពការពារកុមារ (CPU), ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត។
ក្រុមការងារចម្រុះនេះ ស្ថិតក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ។
«ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៉ើបសួរព័ត៌មានបឋម និងការការពារកន្លែងកើតហេតុ ដូច្នេះធ្វើឲ្យមន្ត្រីជំនាញកោសល្យវិច័យអាចប្រមូលភស្តុតាងសំខាន់ៗបានជាច្រើន»។ នេះបើតាមលោក James McCabe នាយកប្រតិបត្តិ CPU បានលើកឡើង។
CUP បានបន្ថែមថា «បេសកកម្មនេះនៅមានសំណួរជាច្រើន ដែលយើងមិនទាន់មានចម្លើយ ប៉ុន្តែខ្ញុំជឿជាក់ថាក្រុមការងារចម្រុះនឹងស្វែងរកចម្លើយទាំងឡាយ ពាក់ព័ន្ធទៅនឹងសកម្មភាព ដែលបានកើតឡើងទៅលើក្មេងស្រីរងគ្រោះនេះ។ ខ្ញុំសូមស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានពត៌មាន ឬបានឃើញជនរងគ្រោះពេលកំពុងដើរទៅសាលា សូមផ្តល់ពត៌មាននេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬ CPU»។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់យប់ ទើបប្រទះឃើញសាកសពក្មេងស្រី ត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានសង្កត់ដុំថ្ម និងគ្រប់មេកឈើ ក្នុងស្ថានភាពអាក្រាតកាយ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងដែរថា ក្រោយប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ លោកក៏បានបញ្ជាឲ្យកម្លាំងនគរបាលផែនជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព និងអនុវត្តនីតិវិធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង