ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយមកទៀត ចាប់ពីថ្ងៃទី១៣ តំបន់មាត់សមុទ្រ និងនៅទូទាំងប្រទេស នាថ្ងៃទី១៧ និង ១៨ ខែមីនា ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ (thunderstorm)

ភ្នំពេញៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នៅពេលនេះ បាតុភូត ឡានីណា (la Nina) ស្ថិតនៅក្នុងរង្វង់ជាង ៨០ ភាគរយនៅឡើយ លើតំបន់ប៉ាស៊ីហ្វិក ខាងលិច ហើយវាអាចនឹងមានការផ្លាស់ប្តូរ ទៅរកអន្តរកាល នៃបាតុភូត ឡានីណា និង អែលនីណូ (El Nino) វិញ នៅក្នុងខែឧសភា។
បាតុភូត ឡានីណា (la Nina) ពេលនេះ ស្ថិតក្នុងរង្វង់ជាង ៨០ ភាគរយ នៅលើតំបន់ប៉ាស៊ីហ្វិក ខាងលិច រហូតខែឧសភា ទើបមានការប្រែប្រួល ដោយបាតុ ភូត ឡានីណា នៅខ្ពស់នេះហើយ ដែលនាំឱ្យមានភ្លៀង រហូតដល់មានជំនន់ នៅលើភាគខាងត្បូង ប្រទេសហ្វីលីពីន និងមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ លើប្រទេសកម្ពុជា ហើយនឹងមានភ្លៀង ធ្លាក់រាយប៉ាយមកទៀត ចាប់ពីថ្ងៃទី១៣ នៅតំបន់មាត់សមុទ្រ និងនៅទូទាំងប្រទេស នាថ្ងៃទី១៧ និង ១៨ ខែមីនា ជាមួយនឹងបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ (thunderstorm) ។
ដោយសារបាតុភូត ឡានីណា នៅក្នុងកម្រិត ដល់ជាង ៨០ ភាគរយនេះហើយ ដែលធ្វើឱ្យកើតមានសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បន្តបន្ទាប់ បង្កឱ្យមានភ្លៀង នាំទៅដល់ទឹកជំនន់ ខុសរដូវកាល នៅលើភាគខាងត្បូង របស់ប្រទេសហ្វីលីពីន ម៉ាឡេស៊ី… និងមានភ្លៀងធ្លាក់ ជាបន្តបន្ទាប់ នៅលើប្រទេសកម្ពុជា។
ធម្មតា នៅក្នុងអំឡុងពីខែកុម្ភៈ ដល់ខែមេសា នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច តែង មានសភាពស្ងប់ស្ងាត់ តែនៅឆ្នាំនេះមានសម្ពាធទាប ប្រព័ន្ធសម្ពាធទាប បានកើតមានឡើង ជាបន្តបន្ទាប់ ដើរកាត់លើប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនបន្តិច ក៏ជ្រមុជចុះទៅក្រោម រកជ្រោយម៉ាឡាកា។ ប៉ុន្តែចាប់ពីពាក់កណ្តាលខែមីនានេះទៅមានការប្រែប្រួលហើយ។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា ចាប់ពីពាក់កណ្តាល ខែមីនានេះ ទៅសម្ពាធទាប ដែលដើរកាត់លើភាគខាងត្បូង ប្រទេសហ្វីលីពីន មានចូលមកដល់សមុទ្រ ចិនខាងត្បូង ហើយសរសៀរមកដល់ក្បែរដីគោក ប្រទេសវៀតណាម រួចបង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយ ដោយចាប់ផ្តើម មាននៅតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ មីនា បន្ទាប់មក នៅលើតំបន់ទំនាបកណ្តាល ភាគខាងកើត និងឈានទៅមានភ្លៀង ធ្លាក់រាយប៉ាយ នៅទូទាំងប្រទេស ក្នុងកម្រិតពីតិច ដល់បង្គួរ នៅថ្ងៃទី១៧ និង ១៨ ខែមីនា (យឺតជាងការ រពឹងទុក ដែលថា មានភ្លៀង នៅថ្ងៃទី១៤ និង ១៥ មីនា) តែចាប់ពីថ្ងៃទី១៣ មីនា ទៅ គឺចាប់ផ្តើមមានភ្លៀង រប៉េះរប៉ោះមកហើយ។ ពេលមានភ្លៀង អាចនឹងមានបាតុភូត ខ្យល់កន្ត្រាក់ (thunderstorm) មកជាមួយ សូមយកចិត្តទុកដាក់ តាមដាន និងប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ ដោយសារបាតុភូតនេះ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនាថាៈ ព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែមីនា ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតខ្សោយ នៅអំឡុងពីថ្ងៃទី១១ ទៅ ១៥ ខែមីនា នឹងទទួលឥទ្ធិពល ពីសម្ពាធទាប ដែលកើតមានឡើង លើប្រទេសថៃ និងប្រទេសកម្ពុជា បង្កឱ្យមានភ្លៀង កើនឡើងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា ស្ថានភាពបែបខាងលើ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៦,៥ អង្សាសេ ។
នៅចន្លោះពីថ្ងៃទី៩ ដល់ ១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ។ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា បរិមាណ ភ្លៀងអាចកើនឡើង ដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំនឹងជាមួយខ្យល់កន្ត្រាក់ ។ សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។
នៅថ្ងៃទី១៤ និង ១៥ ខែមីនា អាចមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ ពីថ្ងៃទី១៣ ដល់ ១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់៕

អត្ថបទដែលជាប់ទាក់ទង