នាវិករាប់ពាន់នាក់ នៅលើកប៉ាល់ដឹកទំនិញរាប់រយគ្រឿង បានជាប់គាំងនៅតាមបណ្តាកំពង់ផែ នៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសជាច្រើនទៀត ដោយមិនហ៊ានធ្វើដំណើរខ្លាចត្រូវគ្រាប់មីស៊ីល ពេលកំពុងតែផ្ទុះសង្គ្រាមរវាង រុស្ស៊ីនឹងអ៊ុយក្រែន

អន្តរជាតិ ៖ នាវិករាប់ពាន់នាក់នៅលើកប៉ាល់ដឹកទំនិញរាប់រយគ្រឿងបានជាប់គាំងនៅតាមបណ្តាកំពង់ផែនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសជាច្រើនទៀត ដោយមិនហ៊ានធ្វើដំណើរខ្លាចត្រូវគ្រាប់មីស៊ីល ពេលកំពុងតែផ្ទុះសង្គ្រាមរវាង រុស្ស៊ីនឹងអ៊ុយក្រែន។ ក្នុងពេលនេះដែរ អង្គការចរាចរណ៍ដឹកជញ្ជូនដែនសមុទ្រអន្តរជាតិ IMO របស់អង្គការសហប្រជាជាតិនឹងរកមធ្យោបាយបង្កើតច្រករបៀងសុវត្ថិភាពដែនសមុទ្រសម្រាប់កប៉ាល់ដែលជាប់គាំងដោយសារជម្លោះនៅអ៊ុយក្រែន។ ទីភ្នាក់ងារដឹកជញ្ជូនដែនសមុទ្រ របស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃ១១ខែមីនា បានប្រកាសថា ខ្លួននឹងព្យាយាមស្វែងរកមធ្យោបាយក្នុងការបង្កើតច្រករបៀងសុវត្ថិភាពនៅដែនសមុទ្រ ដើម្បីឱ្យកប៉ាល់និងនាវិកដែលបានជាប់គាំងនៅសមុទ្រខ្មៅនិងសមុទ្រ Azov អាចធ្វើដំណើរចេញពីទីនោះដោយគ្មានហានិភ័យ នៃការរងការវាយប្រហារ។ ចាប់តាំងពីការចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ភាគច្រើននៃតំបន់សមុទ្រខាងលើ បានស្ថិតក្រោមការគ្រប់គ្រងរបស់យោធារុស្ស៉ី ខណៈឆ្មាំសមុទ្រអ៊ុយក្រែនបានអះអាងថា ការប្រយុទ្ធគ្នាបានធ្វើឱ្យកប៉ាល់បរទេស ចំនួនប្រហែល១០០គ្រឿង និងនាវិករាប់រយនាក់ជាប់គាំងទៅណាពុំរួច នៅតាមកំពង់ផែរបស់អ៊ុយក្រែន។ អង្គការ IMO បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ គឺកាលពីថ្ងៃទី១០-១១ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានការណ៍សង្រ្គាមអ៊ុយក្រែន- រុស្ស៉ី។ ប្រធាន IMO លោក Kitack Lim បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចាត់វិធានការបន្ទាន់ ដើម្បីសម្រេចបាននូវច្រករបៀងសុត្ថិភាពដែនសមុទ្រពណ៌ខៀវ ក្រោមកិច្ច សហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមបញ្ចូលទាំងប្រទេសនៅជាប់ដែនសមុទ្រទាំងនោះ។ គួរបញ្ជាក់ថា ក្នុងអំឡុងប៉ុន្មានថ្ងៃដំបូងៗ នៃការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន កប៉ាល់ពាណិជ្ជកម្មមួយចំនួនត្រូវគេរាយការណ៍ថា បានរងការវាយប្រហារដោយមីស៉ីល៕

អត្ថបទដែលជាប់ទាក់ទង