បុរសម្នាក់ដែលជាតៃកុងរថយន្ត ដឹកដំឡូងមី បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល សង្គ្រោះបន្ទាន់ ក្រោយពីមានហេតុការណ៍ផ្ទុះធុង ប្រេងឆេះស្រោចខ្លួន
ស្ទឹងត្រែង: នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ដែលជាតៃកុងរថយន្ត ដឹកដំឡូងមី បានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ក្រោយពីមានហេតុការណ៍ផ្ទុះធុង ប្រេងឆេះស្រោចខ្លួន នៅចំណុចជញ្ជីងទិញ ដំឡូង ផ្លូវបំបែករ៉ែចិន ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។
ករណីអគ្គិភ័យ ឆេះរថយន្ត ១គ្រឿង បណ្ដាលឱ្យរថយន្ត ខូចខាតធ្ងន់ និងមនុស្សរងរបួសធ្ងន់ ១នាក់ របួសស្រាល ២នាក់ ។ រថយន្តមួយគ្រឿង ដែលរងដោយការផ្ទុះឆេះនោះ ម៉ាកហីុយ៉ាន់ដាយ (ឡានបែន) ពណ៌ស។ មនុស្សរងរបួស ចំនួន ៣ នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ គឺឈ្មោះ ចំរើន ពន្រាយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពុក ឃុំកណ្ដោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ជាតៃកុង រថយន្ត បានរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។ អ្នករងរបួសស្រាល ២នាក់គឺ ឈ្មោះ ទួន មិនា ភេទប្រុស អាយុ ៣២ឆ្នាំ និង ឈ្មោះ ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ បានរងរបួសស្រាល បញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
មូលហេតុ គឺផ្ដើមចេញពីតៃកុងរថយន្ត ឈ្មោះ ចំរើន ពន្រាយ បានផ្សារថយន្ត ចេញផ្ការភ្លើង ប៉ះជាមួយធុងប្រេង ដែលលិចចេញពីធុងរថយន្ត បណ្ដាលឲ្យឆាបឆេះតែម្តង៕