រថយន្តហាយឡេនឌ័រមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រា បើកបុកខឿនសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច បើករត់ទាំងបែកកង់ខាងមុខទាំងពីរ
ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចអតីតជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តហាយឡេនឌ័រមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងស្រាបានបើកបុកខឿនសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច ហើយអ្នកបើកបរព្យាយាមបើករត់ទាំងបែកកង់ខាងមុខទាំងពីរបានរាប់រយម៉ែត្រដែរទើបទៅមុខលែងរួច។
មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រពណ៌ទឹកប្រាក់មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2AM-2168ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងស្រាបានរេចង្កូតមកខាងឆ្វេងដៃហើយជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច រីឯអ្នកបើកបររថយន្តបានព្យាយាមបើករត់ទាំងបែកកង់មុខទាំងពីរបានរាប់រយម៉ែត្រទើបទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕