សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។
លោក ស សុខា ក្នុងនាមក្រុមការងាររៀបចំកម្មវិធីបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាគណៈអធិបតី ព្រមទាំងលោក លោកឧកញ៉ា លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំយុវជនខេត្តទាំង៣ ដែលបានអញ្ជើញចូលរួមជាអធិបតី ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍ផ្ដល់ទស្សនទានទៅកាន់អង្គពិធី ពិសេសក្រុមការងារយុវជនទាំង៣ខេត្ត អំពីសភាពការណ៍ជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធនឹងកិច្ចការប្រទេសជាតិ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតនៅកម្ពុជា ដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសការផ្ទេរមុខងារ ធានធាន សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ៕