ឃាត់ខ្លួនបុរសជាប្តីម្នាក់ ផឹកស៊ីផ្ទះមិត្តភ័ក្ដិរករឿងឈ្លោះប្រពន្ធ ទាញកៅអីវាយត្រូវកូនអាយុជាងមួយខួបស្លា..ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
បន្ទាយមានជ័យ ៖ ករណីហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយពីធ្វើសកម្មភាពវាយប្រពន្ធនិងកូន បណ្ដាលឲ្យកូនស្រីខ្លួនឯងអាយុទើបតែជាងមួយខួបស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនដៃដល់មានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកប្រពន្ធឈ្មោះ ខន ខួចអាយុ៣៨ឆ្នាំ និងកូនស្រីរងគ្រោះឈ្មោះ លួស ស្រីនី អាយុមួយខួបប្រាំពីរខែ។
នៅមុនពេលកើតហេតុបុរសជាប្ដីមកពីផឹកស៊ីនៅផ្ទះមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នា ហើយស្រវឹងរៀងៗខ្លួនពេលដែលផឹកសប្បាយអស់ចិត្តក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៏បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធ។
ប្រភពបានបន្តថា ខណៈកំពុងឈ្លោះគ្នាប្រពន្ធបានបីកូនទៅដេកនៅក្នុងមុង ធ្វើឲ្យប្តឹរឹតតែខឹងក៏ទាញកៅអីជ័រវាយទៅលើប្រពន្ធ ដែលកំពុកដេកជាមួយកូនស្រីបណ្តាលឲ្យត្រូវកូនស្រីមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ងន់ និងត្រូវម្តាយរបួសស្រាល ពេលម្តាយដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅនិងមន្ទីរពេទ្យតែម្តង ។
កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនប្តីយកមកអធិការស្រុកថ្មពួក ដើម្បីសួរដើមរឿង និងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅតុលាខេត្តនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះដើម្បីផ្ដន្ទាទោសតាមផ្លុវច្បាប់ ៕