ជនជាតិដើមភាគតិច រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានចោទដល់ក្រុមហ៊ុន villa development ថា បានឈូសឆាយទន្ទ្រានដី ដើមជ័រច្បោះរបស់ប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី ៖ ជនជាតិដើមភាគតិច រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានចោទដល់ក្រុមហ៊ុន villa development ថាបានឈូសឆាយទន្ទ្រានដីដើមជ័រច្បោះរបស់ប្រជាពលរដ្ឋ ដែលបានអាស្រ័យផលជាច្រើនឆ្នាំមកហើយ។
សហគមន៏បានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមីនា ២០២២ បងប្អូនជនជាតិដើមភាគតិចប្រុសស្រីជាច្រើននាក់ បានទៅហាមឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រ នៅចំនុចភូមិសង្កាត់ខាងលើ ដែលកំពុងធ្វើសកម្មភាពកាយដីធ្វើជាព្រំ ឲ្យបញ្ឈប់ជាបន្ទាន់ក្រោយពួកគាត់ប្រទះឃើញ ប៉ះពាល់ដល់ដើមជ័រច្បោះសម្រាប់ប្រជាសហគមន៍អាស្រ័យផល។ ជនជាតិដើមភាគតិចរស់នៅភូមិឡៅកា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ មិនា ថា គេបានឃើញ គ្រឿងចក្ររបស់ក្រុមហ៊ុនវីឡាបានចូលទៅកាយអូរធ្វើក្រវ៉ាត់ព្រំកំណត់ដី។ពួកគាត់មិនទាន់ដឹងថា ការឈូសឆាយកាយដីនោះប៉ុន្មានហិកតាទេ ព្រោះគេទើបកាយធ្វើផ្លូវនិងព្រំប៉ុណ្ណោះ ប៉ុន្តែនៅក្នុងនោះមានដើមជ័ររាប់ពាន់ដើម ។
ក្រុមអ្នកភូមិបាននិយាយថា ដីដើមជ័រនៅសល់តិចតួចពីក្រញ៉ាំរបស់ក្រុមហ៊ុនវីឡាឌីវិឡុបមិន ហើយក្នុងកិច្ចសន្យារបស់ក្រុមហ៊ុនវីឡាឌីវីឡុបមិន គឺមានផ្ទៃដី៧២៧ហិចតា តែក្រុមហ៊ុននេះកំពុងរំលោភលើដីព្រៃដើមជ័រអ្នកភូមិជនជាតិដើមភាគតិចព្នង ដែលរស់នៅក្នុងភូមិឡៅកា យ៉ាងអនាធិបតេយ្យហូសពីកិច្ចសន្យា។
ប្រជាសហគមន៏បន្តថា ដីព្រៃចំនុចនោះគឺអ្នកភូមិបានអាស្រ័យផលតកូនចៅជាច្រើនជំនាន់ហើយ ដូចជា រកឃ្មុំ រកជ័រចុង ជ័ររាំង ជ័រទឹក ចុងផ្តៅ ស្លឹកព្រិចជាដើម។សហគមន៏បញ្ជាក់ថា នៅពេលគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះ គេឃើញមានប៉ូលិស និងសន្តិសុខក្រុមហ៊ុនចុះទៅ ដោយគេបានហាមឃាត់មិនឲ្យអ្នកភូមិចូលទៅតំបន់កើតហេតុទេ។ ចៅសង្កាត់សុខដុម លោក ពៅ សុខផាត បានឲ្យដឹងថា ករណីខាងលើនេះក្រុមហ៊ុនគេកាយព្រំដីដែលសម្បទានដោយរាជរដ្ឋាភិបាលប៉ុណ្ណោះ ដើម្បីងាយស្រួលគ្រប់គ្រង មិនបានកាប់កាយដីអ្នកភូមិទេ។ លោកចៅសង្កាត់បន្តថា ចំពោះសកម្មភាពរបស់អ្នកភូមិដែលបានថតបង្ហោះពី សកម្មភាពគ្រឿងចក្រកាយដីធ្វើព្រំនោះ សូមបង្ហោះដីដែលពួកគាត់បានកាប់រានកន្លងមកផង។ គិតត្រឹមព្រឹកថ្ងៃទី១៦ មិនា ២០២២ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបានទេ៕