ភ្លៀងខុសរដូវ ចាប់ផ្តើមមានធ្លាក់រាយប៉ាយនៅថ្ងៃនេះ ដោយផ្តើមចេញពីតំបន់មាត់សមុទ្រ និង ទំនាបកណ្តាលភាគពាយព្យ

ភ្នំពេញៈ ចាប់ពីថ្ងៃទី១៨ខែមីនា ឆ្នំា២០២២នេះ ទៅភ្លៀងបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេសដោយមានបរិមាណកើនឡើងហើយឃើញមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃរហូតដល់ដំណាច់ខែមីនា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យ ដឹងនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ថា ភ្លៀងចាប់ផ្តើមមាន ធ្លាក់នៅថ្ងៃនេះ(១៦មីនា)នៅតំបន់មាត់សមុទ្រនិងទំនាបកណ្តាលភាគពាយព្យ តែការធ្លាក់មិនទាន់រាយប៉ាយច្រើននិងមិនទាន់មានបរិមាណច្រើននៅឡើយទេ គឺក្នុងកម្រិតពីតិចទៅ បង្គួរនិងនៅថ្ងៃទី១៧ខែមីនាក៏បន្តមានភ្លៀងធ្លាក់នៅតំបន់មាត់សមុទ្រនិងទំនាបកណ្តាលភាគពាយព្យបន្ថែមទៀត។
អ្នកនាំពាក្យក្រសួងជំនាញបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ខែមីនាទៅឃើញមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតច្រើនស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេសរហូតដល់ដំ ណាច់ខែមីនាក៏នៅតែឃើញមានភ្លៀងធ្លាក់រាល់ថ្ងៃ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៥ខែមីនាបានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០២២ថា នៅក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យម និង សម្ពាធទាបតូចៗដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ ( Local Low Formed )បង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយបាតុភូតផ្គររន្ទនិងខ្យល់កន្ត្រាក់។
ក្នុងសេចក្តីជូនដំណឹងបានសរសេរថា ស្ថានភាពបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេសីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ពីថ្ងៃទី១៩ដល់២១ខែមីនា ពិសេសនៅតំបន់ទំ នាបកណ្តាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើងធ្វើឱ្យសីតុណ្ណភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៧អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

អត្ថបទដែលជាប់ទាក់ទង