ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ

ភ្នំពេញៈ ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២2។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី, និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។ ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព

អត្ថបទដែលជាប់ទាក់ទង