ល្បីប៉ុស្តិ៍នគរបាលវរការពារព្រំដែនលេខ៥០៧ នៃខេត្តរនគិរី បានក្លាយជម្រកដ៏សុខសាន្តដល់ជំនួញឈើខុសច្បាប់ ឆ្លងដែនទ្រង់ទ្រាយធំ

រតនគិរីៈ បើតាមសេចក្តីរាយការណ៍ពីសកម្មជនព្រៃឈើ ឲ្យដឹងថា ឈើខុសច្បាប់ទាំងនេះ ត្រូវបានគេដឹកឆ្លងដែនតាមច្រកអូរសាថីស្ថិតក្នុងដែនសមត្ថកិច្ចរបស់នគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ គ្រប់គ្រងដោយលោក ខេន សារិន អត្ថលេខ៥៣៧១៦(ឯខាងវៀតណាមហៅប៉ុស្តិ៍ហ្វាតាំ)ទាំងថ្ងៃ ទាំងយប់ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តរតនគិរី ដែលដឹកនាំដោយលោក ញ៉ែម សំអឿន ជាអភិបាលខេត្តនោះឡើយ។

រយៈពេលជិត១សប្តាហ៍កន្លងទៅនេះ នៅឯភូមិភាគឦសាន ក្នុងភូមិសាស្ត្រឃុំញ៉ាង ស្រុកអណ្តូងមាស ឈើខុសច្បាប់គ្រប់ប្រភេទត្រូវបានមេឈ្មួញល្បីឈ្មោះសម្រុកដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ តាមរថយន្តប៉ាកុងកែច្នៃលក្ខណៈទ្រង់ទ្រាយធំសារជាថ្មី បន្ទាប់ពីបានផ្អាកសកម្មភាពអស់រយៈពេលជាង១ខែមកហើយនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ចាប់ពីដើមសប្តាហ៍ទី២នៃខែមីនា ឆ្នាំ២០២២នេះ មេឈ្មួញឈើខុសច្បាប់ដ៏ល្បីឈ្មោះប្រចាំខេត្តរតនគិរី គឺលោក ហ៊ូវ ជីវ៉ៃ និងបក្ខពួក បានប្រើប្រាស់រថយន្តប៉ាកុងកែច្នៃជាច្រើនគ្រឿងសម្រុកដឹកឈើចេញពីព្រៃសហគមន៍ភូមិចង និងភូមិចាយ នៃឃុំញ៉ាង និងមួយចំនួនទៀតចេញពីព្រៃដែនឧទ្យានជាតិវីរជ័យ ចំនុចអូរកាផា អូរដំបូក និងអូរកាយ៉ាក់ ដោយដឹកឈើកាត់តាមផ្លូវក្នុងក្រុមហ៊ុនរបស់ឧកញ៉ាណាម៉ារ៉ាឌី ហើយឆ្លងកាត់ភូមិចង ភូមិពែង និងភូមិជិះ នៃឃុំញ៉ាង ស្រុកអណូងមាស បន្តកាត់តាមផ្លូវមុខសាលាអនុវិទ្យាល័យឃុំញ៉ាង ហើយបន្តកាត់តាមចំការកៅស៊ូ ឆ្ពោះទៅទំលាក់ឈើនៅមាត់កំពង់ទឹកច្រកអូរសាថី(ខាងវៀតណាម ហៅប៉ុស្តិ៍ហ្វាតាំ) ដែលគ្រប់គ្រងដោយកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ ដោយមានកម្មករខាងឈ្មួញឈើវៀតណាមជាច្រើននាក់ ចាំចងព្យាង្គឈើខុសច្បាប់ភ្លាមៗតាមទឹក ឆ្លងទៅត្រើយម្ខាងនៃទឹកដីប្រទេសវៀតណាម។
ពាក់ព័ន្ធនឹងសកម្មភាពរកស៊ីឈើឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសវៀតណាមទ្រង់ទ្រាយធំបែបនេះ សកម្មជនឃ្លាំមើលព្រៃឈើ យល់ឃើញថា បើមេឈ្មួញល្បីឈ្មោះ ហ៊ូវ ជីវ៉ៃ គ្មានទំនាក់ទំនងល្អចែកផលប្រយោន៍ឲ្យមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរីជាប្រព័ន្ធ ជាពិសេពិសេសគឺលោក ខេន សារិន នាយនគរបាលការពារព្រំដែនប៉ុស្តិ៍លេខ៥០៧ គឺមិនអាចដឹកឈើខុសច្បាប់ឆ្លងដែនបានឡើយ ដែលធ្វើឲ្យមានការសង្ស័យថា លោក ញ៉ែម សំអឿន គណៈបញ្ជាការឯកភាពខេត្តក៏អាចជាប់ពាក់ព័ន្ធស៊ីជំរៅនឹងផលប្រយោន៍នេះផងដែរ។
ជាក់ស្តែង នៅក្នុងភូមិសាស្ត្រឃុំញ៉ាង ស្រុកអណ្តូងមាស បានក្លាយជាតំបន់រឹតត្បិតការចេញចូលរបស់ពលរដ្ឋខ្មែរទូទៅ ដោយមេឈ្មួញឈើខុសច្បាប់បានដាក់មនុស្សរបស់ខ្លួនជាច្រើននាក់ឲ្យចាំឃ្លាំមើល។ ពេលមានពលរដ្ឋខ្មែរណាប្លែកមុខបានចូលទៅដល់តំបន់ដឹកជញ្ជូនឈើខុសច្បាប់ គឺចៀសមិនផុតពីមន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះទៅសួរនាំ ឆែកឆេរ និងដេញចេញពីតំបន់នោះភ្លាមៗតែម្តង ជាពិសេសអ្នកកាសែតដែលជាឆ្អឹងទទឹងករបស់ពួកគេ ដើម្បីជួយបិទបាំងព័ត៌មានដ៏អាស្រូវឲ្យមេឈ្មួញរកស៊ីឈើខុសច្បាប់ឆ្លងដែន។ ទង្វើបែបនេះរបស់កងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានវាបានផ្ទុយនឹងច្បាប់ស្តីពីសិទ្ធិពលរដ្ឋក្នុងការធ្វើដំណើរដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។
ក្រុមសកម្មជនឃ្លាំមើលបទល្មើសព្រៃឈើ សំណូមពរដល់ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ របស់មេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ក្នុងទឹកដីខេត្តរតនគិរីនេះផង ដើម្បីរក្សាបានធនធានធម្មជាតិក្នុងដីព្រៃសហគមន៏ និងព្រៃឈើក្នុងដែនអភិរក្សឧទ្យានជាតិវីរជ័យសម្រាប់ទុកជាផលប្រយោជន៍រួម៕

អត្ថបទដែលជាប់ទាក់ទង