សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង
ព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។
«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។
«ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។
«ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ៥នាក់ និងបុគ្គលិក ១០នាក់។ «ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។
អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បានចាប់ផ្តើមធ្វើការជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៩។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។ ក្រៅតែពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោងមួយចំនួនទៀតមានដូចជា៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:30 ព្រឹក ពីទីរួមខេត្តព្រៃវែង៕