សម្តេចតេជោ ហ៊ុន សែន ៖ បើមានជនជាតិអ៊ុយក្រែន ភៀសខ្លួនមកកម្ពុជា យើងនឹងទទួល
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ បានរំលឹកអំពីការហាមឃាត់របស់សម្តេចចំពោះពលរដ្ឋកម្ពុជា ដែលចង់ធ្វើជាទាហានស្ម័គ្រចិត្តទៅជួយអ៊ុយក្រែន ដែលជាការចាក់សាំងនៅលើភ្លើង។
ដោយឈរលើគោលការណ៍មនុស្សធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសទទួលយកពលរដ្ឋអ៊ុយក្រែនដែលរត់គេចពីសង្គ្រាម ប្រសិនបើពួកគេបានភៀសខ្លួនមកដល់ប្រទេសកម្ពុជា។
សម្តេចបានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនលើកទឹកចិត្តទេអារឿងហ្នឹង ប៉ុន្តែក្នុងករណីដែលមានជនជាតិអ៊ុយក្រែនភៀសខ្លួនមកដល់កម្ពុជា អាហ្នឹងយើងត្រូវតែឱ្យនៅហើយ»។
សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី។
បើតាមការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។
តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រីជាដើម៕