ក្រសួងការងារ បំភ្លឺអំពីភាពយឺតយ៉ាវក្នុងនីតិវិធីស្នើនៅក្រៅឃុំរបស់ អតីតបុគ្គលិកណាហ្គាលដ៍ ៣នាក់

(ភ្នំពេញ)៖ ទោះជាយ៉ាង នេះក្តី ក្រសួងការងារ រំពឹងថា អតីតបុគ្គលិកទាំង៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នពេលឆាប់ៗនេះ ខណៈដែលពួកគេ កំពុងស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺមួយ អំពីភាពយឺតយ៉ាវក្នុងនីតិវិធីស្នើនៅក្រៅឃុំជាបណ្តោះអាសន្ន របស់អតីតបុគ្គលិកណាហ្គាលដ៍៣នាក់ ដោយសារតែពួកគេមិនទាន់បានដកពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍។
សេចក្តីបំភ្លឺរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន ទទួលបាន បញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត, លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំជួយផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបានចូលរួមស្វែងរកដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។
ក្រសួងនេះបានបន្តថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួងបានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និងបានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្របតាមនីតិវិធីច្បាប់រួចហើយដែរ។ ប៉ុន្តែ មេធាវីរបស់អតីតបុគ្គលិកទាំង ៣នាក់ មានការយឺតយ៉ាវក្នុងការដកពាក្យបណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់។ ដូច្នេះ ដើម្បីអាច អនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន អតីតបុគ្គលិកទាំង ៣នាក់ និងមេធាវីតំណាង ត្រូវផ្តល់ការសហការ និងដកពាក្យបណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ជាមុនសិន។ ដោយឡែក នៅព្រឹកនេះ អតីតបុគ្គលិកទាំង ៣នាក់ កំពុងស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍។
ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំង ៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង