សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងលូ រហូតមានក្លិនស្អុយទៅហើយ បង្កការភ្ញាក់ផ្អើល

បាត់ដំបង ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងលូ រហូតមានក្លិនស្អុយទៅហើយ ខណ:ដែលប្រជាពលរដ្ឋដើរកាត់ហើយមានការសង្ស័យដោយសារតែក្លិននេះ។

បើតាមសាក្សីឈ្មោះ ណាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានមុខរបរធ្វើចម្ការបាននិយាយថា ខ្លួនបានធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើដែលមានលូបង្កប់កាតផ្លូវ ហើយបានធុំក្លិនស្អុយចេញពីក្នុងលូ ដោយមានការសង្ស័យថាមានអ្វីស្លាប់ក្នុងនោះ ក៏បាននាំគ្នាយកពិលចុចមើល ក៏បានប្រទះឃើញសពមនុស្សម្នាក់នៅក្នុងលូនោះ ទើបមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីទទួលដំណឹងនេះរួច នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ។ ពេលទាញសពចេញមកដើម្បីពិនិត្យទើបដឹងថា សពមានឈ្មោះ ហាន វង់ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ មុខរបរធ្វើចម្ការ បានដេកស្លាប់នៅក្នុងលូនោះ ដោយសារតែ ជនរងគ្រោះលូនចូលចាប់ត្រីបណ្តាលអោយឈ្លក់ទឹកស្លាប់ ម៉្យាងទៀតជនរងគ្រោះមានសតិមិនគ្រប់ធ្លាប់ផឹកស្រាស្រវឹងជាប្រចាំ ។ សពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង