សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែ និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ និងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុង ០៩កន្លែង ស្រុកស្រីសន្ធរ

ខេត្ដកំពង់ចាម៖ ក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា សមិទ្ធផលដ៏មហាសាលនេះ គឺពិតជាមិនធ្លាប់មាននៅលើទឹកដី នៃស្រុកស្រីសន្ធរ កាលពីសម័យមុនៗឡើយ ទើបតែក្នុងសម័យតេជោ សមិទ្ធផលនេះបានលេចជារូបរាងឡើង និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែ ប្រវែង ១៦,១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥.០៨ គ.ម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩កន្លែងនៅស្រុកស្រីសន្ធរ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។
ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ចាម ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ឯកឧត្តមអភិបាលខេត្ត បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវចំណងដៃដ៏ថ្លៃថ្លានិងជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ។
ក្រោយឆ្នាំ១៩៧៩ មធ្យោបាយដឹកជញ្ជូន តាមផ្លូវទឹក មានសារសំខាន់ ជាងផ្លូវគោក ហើយផ្លូវ០១ខ្សែនេះ មានលក្ខណៈ ជាផ្លូវលំ ធម្មតា ជាផ្លូវ សម្រាប់ប្រជាពលរដ្ឋថ្មើរជើង កង់រទេះ សេះ និងរទេះគោ ក្របីតែប៉ុណ្ណោះ ដូច្នេះ ក្នុងអំឡុងក្រោយឆ្នាំ១៩៧៩ ។ នៅឆ្នាំ២០០១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង ១១,៥គីឡូម៉ែត្រ ពីឃុំព្រែកដំបូក កាត់តាមឃុំស្វាយសាច់ភ្នំ ឃុំឫស្សីស្រុក រហូតដល់ឃុំព្រែករំដេង ក្នុងនោះមានស្ពានដែកបេឡេចំនួន ០៨កន្លែង ហើយស្ពានដែលវែងជាងគេ មានប្រវែង ៩៦ម៉ែត្រ គឺស្ពានព្រែកតាកុច ដែលបានបើកការដ្ឋានស្ថាបនាស្ពានក្នុងឃុំព្រែករំដេង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគិតមកដល់ពេលនេះប្រជាពលរដ្ឋប្រើប្រាស់បាន ១៨ឆ្នាំមកហើយ។ ជាអកុសលស្រុកស្រីសន្ធរក៏ដូចស្រុកនានាដែលស្ថិតនៅតាមដងទន្លេមេគង្គ ហើយតែងតែជួបគ្រោះទឹកជំនន់ទន្លេមេគង្គ នៅរៀងរាល់រដូវវស្សា ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១១ ទឹកជំនន់ទន្លេមេងគង្គ បានបំផ្លាញផ្លូវជាច្រើនខ្សែ ធ្វើឱ្យប្រជាពលរដ្ឋ ជួបការលំបាកខ្លាំងក្នុងការធ្វើដំណើរ ។ ប៉ុន្តែនៅឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានជួសជុលឡើងវិញជាបន្ទាន់លើកទី១ ពីឃុំព្រែកពោធិ៍ ដល់ ឃុំព្រែកដំបូកប្រវែង ៩,៥ គ.ម និងជួសជុលលើកទី២ ពីភូមិថ្មដា ឃុំព្រែកពោធិ៍រហូតដល់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ប្រវែង ២៧ គ.ម និងសាងសង់ស្ពានមួយកន្លែង ប្រវែង ៤៥ ម៉ែត្រ ក្នុងឃុំមានជ័យ។ លុះដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាវត្តជ័យមង្គល ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តជ័យមង្គល ភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ សម្តេចបានប្រកាសផ្តល់ផ្លូវបេតុង ១ខ្សែ ជូនបងប្អូនប្រជាពលរដ្ឋស្រុកស្រីសន្ធរ មានប្រវែង ១៦,១៣ គ.ម ជាផ្លូវជាតិលេខ ៧០B ចាប់ពីស្ពានព្រែកតាកុច ឃុំព្រែករំដេង ដល់ឃុំព្រែកពោធិ៍ ឆ្លងកាត់ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល និងឃុំព្រែកពោធិ៍ តាមរយៈ ក្រុមហ៊ុន ប៉េងហួតគ្រុប ដែលមានទឹកប្រាក់សរុបចំនួន ១៦,៨៨៦,២៥០ ដុល្លារសហរដ្ឋអាមេរិក និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង