លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជោគជ័យ លើការបើកផ្លូវសាធារណៈមួយខ្សែ ជាប់របងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

(ភ្នំពេញ)៖ ក្រុមការងារជំនាញដោះស្រាយបើកផ្លូវមួយខ្សែនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ ដល់សារធាណៈ មានផ្លូវធ្វើចរាចរណ៍ដោយរលូន។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយជោគជ័យ លើកការបើកផ្លូវសាធារណៈមួយខ្សែជាប់របងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ខណៈដែលជាច្រើនឆ្នាំមកហើយ ផ្លូវនេះត្រូវបានប្រើប្រាស់ជាកន្លែងតាំងទី លំនៅរបស់ប្រជាពលរដ្ឋសហគមន៍៧ ជាង៥០ខ្នង ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

លោកបានបញ្ជាក់ថា អស់រយៈពេល០៨ថ្ងៃគត់ ចាប់ពីដំណាក់កាលសិក្សាស្ថានភាពនៃការរស់នៅ ជ្រើសរើសទីតាំងត្រូវផ្តល់គោលនយោបាយ ប្រជុំពិភាក្សាចរចា ឯកភាពបឋម និងនាំទៅមើលទីតាំងថ្មីផ្ទាល់ភ្នែក ពន្យល់ហើយពន្យល់ទៀតជាច្រើន លើកច្រើនសា ទាល់តែយល់ចុងក្រោយ ប្រជាពលរដ្ឋបានឯកភាព និងធ្វើពិធីចាប់ឆ្នោតយកទីតាំងដីលំនៅដ្ឋាន ដើម្បីមានតម្លាភាព ទើបឈានដល់ការស្ម័គ្រចិត្តរុះរើ និងជួយដឹកជញ្ជូន។
កម្មសិទ្ធិកាន់កាប់ស្របច្បាប់មួយសន្លឹកដែល ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានេះ គឺជាកាដូដ៏មានតម្លៃ បន្ទាប់ពីបានស្ម័គ្រចិត្តចាកចេញពីការរស់នៅកន្លែងមិនស្របច្បាប់លើផ្លូវថ្នល់ គ្មានសុវត្ថិភាពពិសេសប្រសិន បើមានអគ្គីភ័យកើតឡើង គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ គ្មានផាសុកភាព និងអនាម័យ ប៉ុន្តែបានបើកផ្លូវដើម្បីធ្វើចរាចរណ៍ជាសាធារណៈឡើងវិញ។
ក្រុមការងារជំនាញដែលដឹកនាំដោយលោក មេត មាសភក្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ឱកាស ក្នុងការចូលរួមដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋព្រមទាំង បន្តផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រគ្រប់ពេលវេលា។
លោកក៏សូមអរគុណដល់ក្រុមការងារភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និងសហការគ្នាយ៉ាងល្អ ពិសេសអរគុណដល់បងប្អូនសហគមន៍៧ ដែលបានយល់ស្របតាមការពន្យល់ណែនាំ និងយល់ព្រមទទួលយកការដោះស្រាយ ដោយស្ម័គ្រចិត្ត។ ស្នាមញញឹម និងការសប្បាយរីករាយរបស់បងប្អូនជាង៥០ខ្នងផ្ទះនេះ គឺជាកម្លាំងចិត្តដ៏មុតមាំសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងទីក្រុង សម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង