លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា……

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រទ្បាច ស្ថិតក្នុងភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែនបានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះ ប្រកបដោយការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ រួមជាមួយនឹងការទទួលខុសត្រូវសម្រេចអារកាត់គ្រប់កាលៈទេសៈ ទាំងក្នុងស្ថានការណ៍គ្រោះថ្នាក់ និងការកំណត់ទិសដៅដើម្បីអភិវឌ្ឍជាតិ រហូតទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រប្រាកដនិយម និងការប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសការចូលរួមដ៏ក្លៀវក្លា ស្មោះត្រង់ និងប្រកបដោយការជឿទុកចិត្ត របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រួមគ្នាជាមហាកម្លាំងសាមគ្គីជាតិនៅចំពោះមុខស្ថានការណ៍វិបត្តិដ៏គ្រោះថ្នាក់នេះ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានចូលរួមអបអរសារទចំពោះការសម្ពោធសមិទ្ធផលថ្មីៗក្នុងវត្តកំពង់ត្រឡាច ដែលមានការកសាងអភិវឌ្ឍរីកចម្រើនជាលំដាប់ ចាប់តាំងពីក្រោយរបបប៉ុលពតមក ដោយសមិទ្ធផលទាំងនេះបានកើតឡើងពីសាមគ្គីភាពរបស់ពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋាន ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដើម្បីធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរចំពោះខេត្តកែប ដែលត្រូវបានប្រកាសជាខេត្តដំបូងគេ ដែលអស់គ្រាប់មីន ដែលនេះជាមោទនភាពសម្រាប់ជាតិ ប្រជាជនទាំងអស់ និងជានិមិត្តរូបនៃការរស់ទ្បើងវិញប្រកបដោយសុខសន្តិភាពពេញលេញ និងភាពសុខដុមរមនា អស់ការភ័យខ្លាចដែលបង្កទ្បើងដោយសារសង្គ្រាម និងផលវិបាកដែលបន្សល់ទុកដោយសង្គ្រាម។ ក្រៅពីនេះ ខេត្តកែបក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់គួរជាទីមោទនៈ ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណប្រជាពលរដ្ឋក្នុងខេត្តកែប ដែលតែងជឿទុកចិត្ត និងគាំទ្រឥតងាករេចំពោះ សម្តេចតេជោ និងក៏សូមបន្តការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះតទៅមុខទៀត ដើម្បីភាពសុខសាន្ត និងការបន្តអភិវឌ្ឍរីកចម្រើនរុងរឿង៕

អត្ថបទដែលជាប់ទាក់ទង