ពលករខ្មែរច្រើន ធ្វើការស៊ីឈ្នួល នៅប្រទេសថៃ បានសម្រុកវិលមកប្រទេសកម្ពុជាវិញ

បន្ទាយមានជ័យៈ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ម៉ាឡៃ បានអោយដឹង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ថា មានប្រជាពលរដ្ឋ ចំនួន ១៩៧នាក់ ស្រី៩៥នាក់ កុមារ៣នាក់ វិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្ត្រ ប៉ុស្តិ៍ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
ពលករខ្មែរច្រើនឡើង ដែលធ្វើការស៊ីឈ្នួល នៅប្រទេសថៃ បានសម្រុកវិលមកប្រទេសកម្ពុជាវិញ តាមច្រករបៀងព្រំដែន នៅចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពួកគេមានទីលំនៅ ក្នុងខេត្ដ ចំនួន ១០ ដូចជា បន្ទាយមានជ័យ ចំនួន ៣៤នាក់ បាត់ដំបង ២១នាក់ សៀមរាប ៩១នាក់ ប៉ៃលិន ១នាក់ ព្រៃវែង ២នាក់ ត្បូងឃ្មុំ ១១នាក់ កណ្ដាល ២នាក់ ឧត្ដមានជ័យ ៤នាក់ តាកែវ ១នាក់ និងខេត្តកំពង់ធំ ៣០ នាក់ ។
បន្ទាប់ពីធ្វើការណែនាំ ស្ដីពីការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ រួច កម្លាំងប៉ុស្ដិ៍ ចំបក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយ គ្រូពេទ្យមន្ទីរពេទ្យបង្អែក ម៉ាឡៃ សន្ដិភាព កម្លាំងផ្នែកសឹករង ស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ ជូនក្រុមគ្រូពេទ្យពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ។
មន្ត្រីនគរបាលវរៈនេះ បានរំលឹកដែរថា កាលពីវេលាម៉ោង ០៩:១០នាទីព្រឹក កម្លាំងប៉ុស្តិ៍ ស្ពានម៉ាឡៃ ដឹកនាំដោយលោកអនុសេនីយ៍ទោ ឈុន ឈិតណារ៉ុង នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធា ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ម៉ាឡៃសន្តិភាព បានត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃ ដឹកទំនិញឆ្លងកាត់ និងណែនាំដល់ប្រជាពលរដ្ឋខ្មែរ ដែលចេញចូល នៅច្រកទ្វារតំបន់ម៉ាឡៃ ពីវិធីបង្កាការពារ ការរាលដាលនៃជំងឺកូវីដ-១៩ នៅច្រកទ្វារតំបន់ ម៉ាឡៃ ។
ប្រជាពលរដ្ឋ ចំនួន ៤នាក់ ស្រី២នាក់ កុមារ១នាក់ បានវិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចកំពង់បងសល់) ។ ពួកគាត់ មានទីលំនៅ ក្នុងខេត្តសៀមរាប ។
អាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់បញ្ជូន ឬវិលត្រឡប់ ដោយខ្លួនឯង មកកម្ពុជាវិញ តាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុង១ថ្ងៃៗ មានពី ១៤០ នាក់ ទៅ ៣០០ នាក់។ ដូចជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ប្រជាពលរដ្ឋ មកពីប្រទេសថៃ សរុបរួម ២៨០នាក់ ស្រី ៤៥នាក់ កុមារ ៣៧ នាក់ ស្រី២១នាក់ ។ ក្នុងនោះ វិជ្ជមានវីរុសកូវីដ ពី ៤ ទៅ ១០ នាក់ ក្នុង១ថ្ងៃៗ ។ ឯពលករដែលអត់បានចាក់វ៉ាក់សាំង មានពី ១០ ទៅ ២០ ភាគរយ នៃពលករសរុប ក្នុង១ថ្ងៃៗ៕

អត្ថបទដែលជាប់ទាក់ទង