ល្ងាចថ្ងៃនេះ! សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យពលរដ្ឋ ធ្វើដំណើរលើស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ជាបណ្តោះអាសន្ន
(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកភ្លើងបៃតងឱ្យរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាបណ្ដោះអាសន្ន ក្រោយសាងសង់រួចរាល់ជាស្ថាពរ១០០ភាគរយ។ នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ។
លោកប្រធានមន្ទីរសាធារណការ សាំ ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា «នៅវេលាម៉ោង៥៖៣០នាទី នាល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍យានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ»។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា «សម្តេចតេជោបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបណ្តោះអាសន្ន»។
ជាមួយគ្នានេះ លោកប្រធានមន្ទីរក៏អំពាវនាវឱ្យប្រជាពលរដ្ឋសូមធ្វើចរាចរណ៍ដោយសេចក្តីរីករាយ និងសុវត្ថិភាព ពិសេសគឺចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក៖
* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរណ៍ក្រោមស្ពានមាន៥.៥ម៉ែត្រ។
* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេងសម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាសប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង៤៤ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ។
* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥.២៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដីជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវលើផ្ទៃដីជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប២៣៥ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំទទឹង៨.៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ៥.២៥ម៉ែត្រ និងទំហំ៥.៥ម៉ែត្រ។
សូមរំឭកថា ស្ពានអាកាស និងផ្លូវក្រោមដៅចោមចៅត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្ពានអាកាសនេះដែរគឺជាស្ពានអាកាសទី៦នៅប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក៕