សម្រេចចេញដីកាឃុំខ្លួនយុវជនម្នាក់ ដែលប្រើអំពើហិង្សាក្នុងគ្រួសារ នៅឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួនយុវជនម្នាក់ដែលប្រើអំពើហិង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។
ជនត្រូវចោទ ឈ្មោះ អ៊ិន ប្រាដេត ហៅអ៊ីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពដដែលបន្តថា ជនជាប់ចោទនេះ បានប្រើអំពើហិង្សា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងបានគំរាមសម្លាប់មនុស្សក្នុងគ្រួសារ ក៏ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ យកមកសាកសួររហូតបញ្ចប់នីតិវិធី និងបានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់។
ក្រោយតុលាការសាកសួរបញ្ចប់ ហើយក៏បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ ដោយចោទប្រកាន់ពីបទ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងធ្វើឱ្យខូចខាតដោយចេតនា (អំពើហិង្សាក្នុងគ្រួសារ)៕