ជនជាតិកូរ៉េប្រុសស្រីពីរនាក់ បានបើករថយន្តស៊េរីទំនើបម៉ាកធុនដ្រាមួយគ្រឿង ជ្រុលទៅបុករថយន្តធុនដ្រាមួយគ្រឿងទៀត បើកបរដោយបុរសជនជាតិចិន ចំពីចំហៀង បណ្ដាលឱ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងចតស្ងៀម រុញទៅបុកទ្វារក្រុមហ៊ុនមួយកន្លែង រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងច្រកផ្លូវចូលសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្តម៉ាកធុនដ្រាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BL-4267ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលច្រកផ្លូវសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ខណៈនោះក៏មានរថយន្តធុនដ្រាមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-9937បើកបរដោយបុរសជនជាតិកូរ៉េម្នាក់រួមដំណើរនឹងនារីជនជាតិកូរ៉េម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន បានទៅបុករថយន្តធុនដ្រាដែលបើកបរដោយបុរសជនជាតិចិនពីចំហៀងផ្នែកខាងស្ដាំពេញទំហឹង បណ្តាលឱ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតស្ងៀមនិងរុញទៅបុកទ្វារដែកក្រុមហ៊ុនមួយកន្លែងរងការខូចខាត ចំណែករថយន្តធុនដ្រាទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង
ស្ទួចយករថយន្តទាំង៣គ្រឿងនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕