ករណីរកឃើញម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈណាមួយ ដែលប្រកបអាជីវកម្ម មិនសុចរិត នឹងត្រូវរងការពិន័យ ជាទឹកប្រាក់…..

ភ្នំពេញៈ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍ កន្លងទៅនេះ បានលើកឡើងថា និយាយដល់រឿង ប្រេង គឺយើងគួរតែថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលខិតខំធ្វើឲ្យមានសមតុល្យ រវាងអ្នកធ្វើធុរកិច្ច ដែលគាត់ចំណេញ ក្នុងកម្រិតណាមួយ ដែលរដ្ឋសុខចិត្តបង់ផលខាតណាមួយ ពីការយកពន្ធ ឲ្យបានកំណត់ថ្លៃណាមួយ និងដៃម្ខាង ទៀត រដ្ឋាភិបាល បានគិតដល់ផលប្រយោជន៍ របស់អ្នកប្រើប្រាស់ នៅក្នុងការទទួលបាន កម្រិតសាំងមួយ មានថ្លៃសមស្រប និងថ្លៃសមរម្យ។
ក្នុងករណីរកឃើញម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈណាមួយ ដែលប្រកបអាជីវកម្ម មិនសុចរិត នឹងត្រូវរងការពិន័យ ជាទឹកប្រាក់ ចំនួនពី ១០ លាន ទៅ ២០ លានរៀល ឬពិន័យជាអន្តរកាល ឬអាចឈានទៅដល់ ការស្នើសុំបិទ ទីតាំងតែម្តងក៏មាន។ នេះជាការលើកឡើងរបស់ មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្ម។ បើងាកមកបញ្ហា នៃការដាក់លក់មិនសុច្ចរិត របស់ម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ ក្នុងពេលកន្លងមក ក្នុងករណីរកឃើញជនណា ដែលនៅតែផ្គើននឹងច្បាប់ ពួកគាត់នឹងរងការពិន័យ ដូចជា ពិន័យជាទឹកប្រាក់ ចំនួនពី ១០លាន ទៅ ២០លានរៀល, ពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើសុំបិទទីតាំងតែម្តង។ ដើម្បីចៀសវាងការរងពិន័យនានា សូមឲ្យម្ចាស់ស្ថានីយ ឬដេប៉ូប្រេង ឥន្ធនៈសូមលក់តាមតម្លៃកំណត់ ឱ្យបានត្រឹមត្រូវ ទាំងបរិមាណ និងគុណភាព ខណៈបច្ចុប្បន្ន គិតចាប់ពីថ្ងៃទី១៧ ដល់ ៣១ ខែមីនា ឆ្នាំ២០២២នេះ ការកំណត់លក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត កើនថ្លៃរហូត ៥.៣០០ រៀល ក្នុង១លីត្រ។ ដោយឡែក ប្រេងសាំងស៊ុបពែរ ថ្លៃជិត ៦.០០០ រៀល ក្នុង១លីត្រ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឲ្យដឹងថា គិតក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២២ បានចុះត្រួតពិនិត្យ ភាពអនុលោម ទៅនឹងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេស បានចំនួន៧៦៨ ដោយរកឃើញ ដេប៉ូប្រេងឥន្ធនៈ ចំនួន ២៦៧ ស្មើនឹង ៣៤,៧៦% ប្រកបអាជីវកម្មមិនសុចរិត៕

អត្ថបទដែលជាប់ទាក់ទង