ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងកើតស្ថានីយ៍ប្រេងតូតាល់ ផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ វណ្ណស័ក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន KR Express មានទីលំនៅភូមិចុងព្រែកសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់យកមាន៖ ១-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JE-5927 មានលេខតួ366393 , ២-ទូរស័ព្ទដៃម៉ាកTECNO POVA ពណ៌ផ្ទៃមេឃ០១គ្រឿង ។
អធិការខណ្ឌដង្កោ បានបញ្ចាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៤ និង២០នាទីរសៀល ជនរងគ្រោះឈ្មោះ យ៉ែម ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IQ-1636 តែម្នាក់ឯងចេញពីក្រុមហ៊ុនដឹកជញ្ជូនKR Express ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីត្រឡប់ទៅផ្ទះស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ពេលជនរងគ្រោះជិះម៉ូតូតាមផ្លូវបេតុង ដល់ចំណុចខាងកើតស្ថានីយប្រេងតូតាល់ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះក៏បានឈប់ម៉ូតូអែបកៀន រួចយកទូរស័ព្ទមកចុក ស្រាប់តែមានជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងគឺទី១-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JE-5927, ទី២-ម៉ូតូម៉ាកស្គូពី ពណ៌ស មិនស្គាល់ស្លាកលេខ, ទី០៣-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ មិនស្គាល់ស្លាកលេខ ស្របទិសគ្នាជាមួយជនរងគ្រោះ ហើយជនសង្ស័យម្នាក់បានបើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ឌុបជនសង្ស័យឈ្មោះ វណ្ណស័ក បញ្ញា ទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច រួចនាំគ្នាបើកម៉ូតូគេចខ្លួន ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាម និងស្រែកឆោឡោឱ្យគេជួយ ហើយក៏មានកម្លាំងសមត្ថកិច្ចដែលជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍នោះ ក៏បានជួយធ្វើអន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជនសង្ស័យបានបើកម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូប្រជាពលរដ្ឋដែលធ្វើដំណើ់រតាមផ្លូវបណ្តាលឱ្យដួលម៉ូតូ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ០១នាក់ឈ្មោះ វណ្ណស័ក បញ្ញា រួមនឹងវត្ថុតាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JE-5927, ទូរស័ព្ទដៃម៉ាកTECNO POVA ពណ៌ផ្ទៃមេឃ០១គ្រឿង (ទូរស័ព្ទដៃរបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួកដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យរួមនឹងវត្ថុតាងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង