យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺៈ កាលពី រសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០២២ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីបើកម៉ូតូវ៉ាជែងហើយជ្រុលទៅបុករថយន្តនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសហគមន៍ខាងលិច ឃុំភក្ដី ស្រុកបសេដ្ឋ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ ហៀង វុធថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូតាពូង ឃុំភក្ដី ស្រុកបសេដ្ឋក្នុងទិសដៅពីកើតទៅទិសលិច ។ លុះមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងជាមួយរថយន្តមួយគ្រឿងដែលបើកពីមុខស្របទិសគ្នា បានជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀត។
ប្រភពបានបន្តថាម៉ូតូបានបុកជាមួយរថយន្តម៉ាកហ្វតពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ2AO-2755 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងធ្លាក់ផ្លូវបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។ មន្ត្រីនគរបាលជំនាញបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារ។ ចំណែកវត្ថុតាងទាំងពីរជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរងចាំដោះស្រាយនៅក្រោយ៕

អត្ថបទដែលជាប់ទាក់ទង