សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ បំផ្លើសបង្ខូចនូវអ្វីដែលមិនពិតៗ គ្រាន់អីគ្រាន់ជារឿងតូចមួយទេ ពង្រីកឲ្យទៅប៉ុនភ្នំ
ព្រៃវែង ៖ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២នេះ ការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ។
នៅក្នុងពិធីនោះ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានច្រានចោលនូវការលើកឡើង របស់អ្នកនយោបាយមួយចំនួន ដែលថាទាល់តែដល់ពេលបោះឆ្នោត ទើបមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសំពះសុំសន្លឹកឆ្នោត និងចែកអំណោយ។
ត្រង់ចំណុចនេះ សម្ដេច ស ខេង បានថ្លែងថា «ហើយនឹងបកស្រាយ ចំពោះអ្នកថា យើងអត់ចេះធ្វើអីទេ ដឹងថា ពេលបោះឆ្នោត ទៅសំពះសុំសន្លឹកឆ្នោត ឲ្យសារ៉ុង ឲ្យក្រាម អាហ្នឹងមានមាត់ចេះតែថា ទៅ ហើយដល់តែគេថា ទៅវិញមិនស្រួលគេថា យើងមិនប្រជាធិបតេយ្យទេ ថា សម្លុត អាហ្នឹងត្រង់មួយ គឺថា អ្នកនយោបាយយើង ពូកែណាស់អាហ្នឹង ពូកែអារឿងរំអួយហ្នឹង»។
សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបានសិទ្ធិអំណាចពីប្រជាពលរដ្ឋ ត្រូវ ឈរលើគោលការណ៍ច្បាប់ ដោយត្រូវសម្រួលដល់គ្រប់គណបក្សនយោបាយ ដែលមានភាពស្របច្បាប់ ដើម្បីធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាន។ ចំណែកឯគ្រប់គណបក្សនយោបាយ ក៏មិនត្រូវបំផ្លើសនូវអ្វីដែលមិនមែនជាការពិត ដែលនាំឲ្យរឿងតូច ក្លាយទៅជារឿងធំ។
សម្ដេចក្រឡាហោម បានលើកឡើងថា «សម្រាប់យើង អ្នកដែលកាន់អំណាច ក៏ត្រូវតែឈរលើគោលការណ៍ច្បាប់ បានន័យថា យើងបង្កលក្ខណៈសម្បត្តិ ឲ្យគ្រប់គណបក្សនយោបាយធ្វើសកម្មភាព ប៉ុន្តែគណបក្សនយោបាយទាំងអស់ហ្នឹង គាត់ក៏មិនត្រូវថា បំផ្លើសបង្ខូចនូវអ្វីដែលមិនពិតៗ គ្រាន់អីគ្រាន់ជារឿងតូចមួយទេ ពង្រីកឲ្យទៅប៉ុនភ្នំក៏មានដែរ អាហ្នឹងហើយ ដល់អញ្ចឹងទៅគឺថា វានាំឲ្យបញ្ហាស្មុគស្មាញ»៕