ម្ចាស់រថយន្ត Tundra ដែលបើកបញ្ច្រាសផ្លូវចូលខ្លួនធ្វើកិច្ចសន្យា និងបង់ការផាកពិន័យតាមច្បាប់
(ភ្នំពេញ)៖ ម្ចាស់រថយន្តTundra ពាក់ផ្លាកលេខភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួន ដើម្បីធ្វើការផាកពិន័យតាមច្បាប់ដោយធ្វើកិច្ចសន្យា និងការបង់ផាកពិន័យតាមច្បាប់។
ម្ចាស់រថយន្ត Tundra ត្រូវបានសមត្ថកិច្ចប្រាប់ថាមានឈ្មោះ សែម វិបុត្រ អាយុ៤៤ឆ្នាំ។ គាត់បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មានថា មូលហេតុដែលគាត់បើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ ដោយសារកូនតូចឈឺ ហើយត្រូវលេបថ្នាំបន្ទាន់។ ម្ចាស់រថយន្តបានសារភាពទៀតថា ពេលនោះដោយសារផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាសទិសចរាចរណ៍ ប្រញ៉ាប់យកថ្នាំឲ្យកូនលេប។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១៖៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តបានមកឈប់ទល់មុខរថយន្ត១គ្រឿងទៀត ម៉ាក SUZUKI ពណ៌ស្លែ ពាក់ផ្លាកលេខ UNG 200-2546 ដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្នរង់ចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកបើកបរទាំងឡាយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ជាការចូលរួមចំណែកកាត់បន្ថយមនុស្សស្លាប់ និងរបួសផងដែរ៕