ជនសង្ស័យចំនួន៣នាក់ បង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿង និងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត

ភ្នំពេញ៖ ការធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចទើបបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។

ជនសង្ស័យទាំង៣នាក់នោះមាន ទី១-ឈ្មោះ ត្រឹម ធឿន ហៅឡេងថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ហើយជាប់ពន្ធនាគារម១ រយៈពេល១ខែ ក៏ត្រូវបានដោះលែងវិញ រួចបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣ -ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៣នាក់នៅចំណុចផ្ទះលេខ៧E ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន២០ករណី បាត់បង់ម៉ូតូសរុបចំនួន ៤៤គ្រឿង រថយន្តចំនួន០២គ្រឿង ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន០៥ ករណី(ម៉ូតូចំនួន២៥គ្រឿង) នៅខេត្តកំពត ចំនួន៥ករណី (ម៉ូតូចំនួន៦គ្រឿង រថយន្តចំនួន២គ្រឿង) នៅខេត្តកំពង់ស្ពឺចំនួន ៦ករណី (ម៉ូតូចំនួន៧គ្រឿង) និងនៅខេត្តតាកែវចំនួន៤ករណី (ម៉ូតូចំនួន ៦គ្រឿង)។
នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូចំនួន១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារសម្រាប់កាច់សោកុងតាក់មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង