ឃាត់ខ្លួន ជនសង្ស័យ២នាក់ លួចលក់អចលនទ្រព្យ អ្នកដទៃ នៅកំពង់ឆ្នំាង
ខេត្តកំពង់ឆ្នាំង ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ២នាក់ ពាក់ព័ន្ធករណីលួចលក់អចលនទ្រព្យអ្នកដទៃ នៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។
ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង យោងពាក្យបណ្តឹងរបស់ឈ្មោះ ចាន់ គិរី តំណាងឲ្យឈ្មោះ លី បូរិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្តឹងជនសង្ស័យទាំងពីនាក់ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ(ដី) ប្រព្រឹត្តិកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ១.ឈ្មោះ កែវ វុត្ថា ហៅវិត ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ មន្ត្រីរាជការ និង ២.ឈ្មោះ ភុំ ថារី ហៅលាប ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរមេផ្ទះ។ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង៕