ឃាត់ខ្លួនក្រុមជនទំនើង បី នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងការ លបលួច គប់កញ្ចក់រថយន្ត អ្នកធ្វើដំណើរ ពេលយប់

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ មីនា ២០២២ នេះ បានឃាត់ខ្លួនក្រុមជនទំនើង បី នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងការ លបលួច គប់កញ្ចក់រថយន្ត អ្នកធ្វើដំណើរ ពេលយប់ តាមបណ្ដោយផ្លូវ ជាតិលេខ៥ ក្រោយពីសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងស៊ើបសួរ អស់រយៈពេល ៣ ថ្ងៃកន្លងមក និងក្រោយពេល ពួកគេ បានសារភាព ។
ក្រោយការសាកសួរ ពួកគេ បានសារភាពថា ពួកគេ បានលបលួចគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរ តាមដងផ្លូវចំនួន ៣ លើកមកហើយ ក្រុមរបស់គេ មានគ្នា បួននាក់ ។ សមត្ថកិច្ចឃាត់ខ្លួន បាន បីនាក់ ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ក្រោយពេល ពួកគេ បានធ្វើសកម្មភាព នៅវេលាម៉ោង ៩និង៣៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចមុខសាលាបឋមសិក្សាស្មែត ស្ថិតនៅក្នុង ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើអោយខូចខាត ទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយចេតនា ដោយយកដុំថ្ម គប់ទៅលើរថយន្ត អ្នកធ្វើដំណើរ បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ ធ្លាយដល់កញ្ចក់ ក្រោយផងដែរ។
ឃាត់ខ្លួនបានខាងលើ មានៈ ១.ឈ្មោះ គៀង សុភ័ក្ត្រ អាយុ២០ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មុខរបរ លាងរថយន្ត, ២-ឈ្មោះ វ៉ា រ៉ាដេត អាយុ២៧ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មុខរបបរ កសិករ , ៣-ឈ្មោះ ផន ពុទ្ធសុភារ: អាយុ១៨ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ក្រុមជនទំនើងទាំង បីនាក់ ខាងលើ ត្រូវបាននគរបាលព្រហ្មទណ្ឌ កំរិតស្រាល កសាងឯកសារ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង