ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងកាប់ព្រៃលិចទឹក ក្នុងតំបន់ការពារបឹងទន្លេសាប
(ពោធិ៍សាត់)៖ នា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ធ្វើការឃាត់ខ្លួនជាមួយនឹងវត្ថុតាង ខណៈកំពុងធ្វើសកម្មភាព កាប់ព្រៃលិចទឹកត្រង់ចំណុចដង្កៀបក្តាម ក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ហ៊ិន ភាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិស្ទឹងលើ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ ចុះល្បាតតាមតំបន់ព្រៃរនាមក្រោម ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពកាប់ព្រៃលិចទឹក ត្រង់ចំណុចខាងលើ ក៏ឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាល ជាមួយនឹងវត្ថុតាងម៉ូតូសណ្ដោងរ៉ឺម៉ក ចំនួន០១គ្រឿង កាំបិតកកុកមួយ ពូថៅមួយ និងដើមខ្ទុម ចំនួន២៥ដើមផងដែរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ដើមខ្ទុម ជាព្រៃលិចទឹក ដើម្បីយកមកធ្វើអុសពិតប្រាកដមែន ដោយមិនបានកាប់បំផ្លាញទ្រង់ទ្រាយធំឡើយ។
ជនសង្ស័យសមត្ថកិច្ចបានធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានសកម្មភាពបែបនេះទៀតឡើង បន្ទាប់មកបានប្រគល់ម៉ូតូសណ្ដោងរីម៉កមួយគ្រឿងឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកកាំបិតពូថៅរក្សាទុកនៅប៉ុស្តិ៍៕