ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ នៅភ្នំពេញ
ភ្នំពេញ: នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទដៃ ខណៈដែលកម្លាំងចេញល្បាតក្នុងមូលដ្ឋាន នៅចំណុចមុខផ្ទះលេខ៤១ ផ្លូវ១៦៣ ភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីម៉ោងជិត៨យប់ ថ្ងៃទី២៣ មីនា។
ជនសង្ស័យឈ្មោះ រាជ សីហា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ត្រូវបានឃាត់ខ្លួនរួមនឹងម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1R-3185 ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone 12pro max ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ។ ចំណែកជនរងគ្រោះឈ្មោះ វិន ថានី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣ ផ្លូវលេខ១៦៩ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរជាងម៉ូតូ។
ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ រីឯទូរស័ព្ទដៃបានប្រគល់ឱ្យជនរងគ្រោះវិញ៕