ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទ តែឆក់មិនបានសម្រេច បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខអគ្គបញ្ជាការកងទ័ពជើងគោក បញ្ឆិតផ្នែកខាងលិច តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុរូបគាត់ និងប្តីរួមនឹងស្ត្រីជាបងថ្លៃម្នាក់ទៀតជិះឡំប្រឺតាពណ៌សមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង1O-7796 ចេញពីលេងបងប្អូននៅម្ដុំវត្តស្លែងតាមផ្លូវជាតិលេខ៣ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅខណ្ឌឫស្សីកែវ ដោយប្ដីគាត់ជាអ្នកបើកឡំប្រឺតា ចំណែករូបគាត់និងបងថ្លៃអង្គុយនៅខាងក្រោយ ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបងប្អូនខលមក ហើយពេលរូបគាត់ដកទូរស័ព្ទម៉ាកOPPOមួយគ្រឿងមកនិយាយ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ1CB-4559មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដែលគាត់កំពុងតែនិយាយ ប៉ុន្តែមិនបានសម្រេចទេ ដោយរូបគាត់បានទាញទូរស័ព្ទមកវិញ ខណៈនោះប្ដីរបស់គាត់ កំពុងតែបើកឡំប្រឺតសឃើញសភាពមិនស្រួលបានកាច់ចង្កូតឱ្យប៉ះចង្កូតម៉ូតូជនសង្ស័យបណ្តាលឱ្យដួលទៅលើថ្នល់ រួចក៏នាំគ្នាចុះដេញវាយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏យកម៉ូតូជនសង្ស័យទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង