សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំអ្នកបន្តវេន កុំចាំបាច់សួរអាយុប៉ុន្មាន សំខាន់បំផុត ធ្វើបាន ឬអត់? ក្មេងមានចំណេះ ចាស់មានពិសោធន៍ ត្រូវនៅធ្វើការជាមួយគ្នា

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈនៃការជ្រើសរើសអ្នកបន្តវេន សម្រាប់ប្រទេសកម្ពុជា ដោយសម្តេចលើកឡើងថា ការជ្រើសរើសអ្នកបន្តវេនពុំចាំបាច់សួរនាំអាយុប៉ុន្មាននោះទេ សំខាន់ធ្វើការងារបាន ឬមិនបាន? តួយ៉ាងរូបសម្តេចផ្ទាល់ បានទទួលការបោះឆ្នោតគាំទ្រ ក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កាលពីអាយុ២៧ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីសារសំខាន់ និងតួនាទីនៃធនធានមនុស្សចាស់ ដែលជាមរកតយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការដឹកនាំប្រទេស ព្រោះមនុស្សចាស់សំបូរ នូវបទពិសោធន៍ច្រើនជាងក្មេងៗជំនាន់ៗក្រោយ បើទោះបីជាចំណេះដឹងរបស់មនុស្សចាស់ មិនដូចក្មេងក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់ជំនាន់ ទាំងអាយុក្រោម៩០ឆ្នាំ អាយុក្រោម៨០ឆ្នាំ អាយុក្រោម៧០ឆ្នាំ អាយុក្រោម៦០ឆ្នាំ អាយុក្រោម៥០ឆ្នាំ និងអាយុក្រោម៤០ឆ្នាំ ដែលត្រូវបន្ស៉ីគ្នាក្នុងការដឹកនាំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន សំខាន់បំផុតតើគេធ្វើបានឬអត់? ប៉ុន្តែក្មេងក៏ត្រូវតែយល់អំពីមនុស្សចាស់ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះពិសោធន៍ ឯចាស់អាចថាចំណេះដឹងខ្វះ ប៉ុន្តែសំបូរពិសោធន៍ នេះជារឿងដែលត្រូវផ្គុំគ្នា។ គេស្ថានភាពចម្រុះគ្រប់ជំនាន់ ដែលត្រូវនៅជាមួយគ្នា […] អ្នកចាស់មិនត្រូវមើលស្រាលទៅលើក្មេង ដែលមិនទាន់មានពិសោធន៍ ឯក្មេងមានចំណេះដឹង តែមិនត្រូវមើលស្រាលទៅលើមនុស្សចាស់ ដែលជាធនធានមរកតនៃបទពិសោធន៍ក្នុងគ្រប់ការងារ ជាពិសេសបើទាក់ទងនឹងការគ្រប់គ្រងប្រទេសជាតិ គឺធនធានមនុស្សចាស់នេះ គឺជាធនធានដ៏មានតម្លៃ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការលើកឡើងបែបនេះមិនសំដៅឲ្យមេដឹកនាំប្រទេសជំនាន់ក្រោយ ការសម្រេចចិត្តត្រូវឆ្លងយោបល់សម្តេចនោះទេ ព្រោះសម្តេចត្រូវការពេលវេលាសម្រាកដែរ។ ជាមួយគ្នានេះ សម្តេចតេជោបានប្រកាសជាថ្មីថា ចំពោះតំណែងជានាយករដ្ឋមន្ត្រី សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ។
សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ថា សម្តេចនៅតែក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ យើងមិនអាចធ្វេសប្រហែសបានទេ ចំពោះការរក្សានូវសន្តិភាព របស់ប្រទេសកម្ពុជាបាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង