ជនសង្ស័យម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនដល់កម្រិត បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញឃើញ…..
ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២៥ខែមីនាឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនដល់កម្រិត បាត់ម្ចាស់ការគ្រប់គ្រងខ្លួនឯងលែងបានៗឡើងទៅសំងំលើផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ផ្ទះក្រឡេកឃើញស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោស្ទុះរត់ឡើងទៅលើដំបូលផ្ទះ រួចលោតពីផ្ទះមួយទៅផ្ទះមួយទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធជនសង្ស័យ។ ខណៈនោះជនសង្ស័យបានលោតចុះមកក្រោមវិញ ហើយរត់ចូលក្នុងឃ្លាំងមួយកន្លែងយកបានកាំបិតចំនួន២កាន់នៅដៃ។ លុះពេលក្រឡេកឃើញស្ត្រីម្នាក់ កំពុងដេកជាមួយកូនក្នុងបន្ទប់ស្នាក់នៅក្នងឃ្លាំងនោះ ជនសង្ស័យក៏រត់ចូលទៅប៉ុនប៉ងកាប់ស្ត្រីម្នាក់នោះ តែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់ពេលវេលា បណ្តាលឱ្យត្រូវតែជើងបន្តិចបន្តួចប៉ុណ្ណោះ រីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគលឱ្យកម្លាំងសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕