មន្ត្រីយោធា នៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុម ចោរ ស្លាប់ម្នាក់នៅនឹងកន្លែង ដែលជាការតបត ទៅនឹងអំពើប្លន់ម៉ូតូរបស់ខ្លួន ដោយក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង តើមន្ត្រីយោធា នៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុម ចោរ មានទោសទេ?
ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាការតបត ទៅនឹងអំពើប្លន់ម៉ូតូរបស់ខ្លួន ដោយក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ ៣គ្រឿង។ ករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីមន្ត្រីយោធា ម្នាក់កំពុងជិះតាមដងផ្លូវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលកាំភ្លើង ខ្ទាតទៅម្ខាងទៀតនៃផ្លូវ ខំស្រវ៉េស្រវ៉ា ស្ទុះយកកាំភ្លើងនោះ បាញ់ប្រហារទៅ លើចោរ ដែលជិះម៉ូតូរបស់ខ្លួនរត់គេច ប្រមាណ ៩គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗទាំងសភាពជិះគងលើម៉ូតូរបស់ជនរងគ្រោះ ដៃកាន់ចង្កូត ម៉ូតូ ភ្លាមៗតែម្តង។
ជនរងគ្រោះ មានឈ្មោះ ឡាំ ប៊ុនលាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធា នៅបញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅ ផ្ទះលេខ៩៣៤ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក HONDA C១២៥ ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1JC-4840 ប្រើប្រាស់អាវុធម៉ាក GLOCK-19 ពណ៌ខ្មៅ លេខ BGDR-536 ។
ចំណែកសពជនសង្ស័យ មានឈ្មោះ ហា ប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ស្លាប់នៅកន្លែងកើតហេតុ) ស្នាក់នៅផ្ទះ២៦៤E-3Z ផ្លូវ២១៧ ភូមិ៥ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិអំពិលព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ចំណែកការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុ រកឃើញសំបកកាទុស្ស ចំនួន៩សំបក គ្រាប់ ហើយការធ្វើកោសល្យវិច័យ ទៅលើសពជនសង្ស័យ មានស្លាកស្នាម ត្រូវគ្រាប់កាំភ្លើង ចំនួន ៦ គ្រាប់ លើដងខ្លួន ។
មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាក HONDA C125 ចេញពីផ្ទះ នៅភូមិថ្មគោល២ ដើម្បីទៅលេង ប្អូនជីដូនមួយ ឈ្មោះ ប្រាក់ សំអាត អាយុ៤០ឆ្នាំ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើដំណើរតាមផ្លូវ ៥០ម៉ែត្រ ពីទិសខាងលិច ទៅខាងកើត មកដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែលេចមុខជនសង្ស័យ មួយក្រុម មានគ្នាចំនួន៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង ម៉ាក HONDA C125 មិនចាំស្លាកលេខ ជិះស្របជាមួយម៉ូតូជនរងគ្រោះ រួចក្រុមជនសង្ស័យ បានធាក់ម៉ូតូជនរងគ្រោះ ឲ្យដួលទៅលើ ចិញ្ជើមផ្លូវ រួចធ្វើសកម្មភាពវាយ និង ធាក់ក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ ហើមជង្គង់ ឈឺចុកចាប់ពេញខ្លួន និងជ្រុះអាវុធខ្លី GLOCK-19 ចេញពីចង្កេះ រួចជនសង្ស័យម្នាក់ បានចុះលើក ម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន ទៅទិសខាងកើត ចំងាយប្រហែល ៥ ម៉ែត្រ ជនរងគ្រោះ ក៏ដើរទៅរើស យកអាវុធខាងលើ បាញ់គម្រាមជនសង្ស័យ ឲ្យឈប់ ក៏បណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ស្លាប់ ។ ចំណែកបក្ខពួកជនសង្ស័យផ្សេងទៀត រត់គេចខ្លួន បាត់ស្រមោល ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ តែម្តង ។
មន្ត្រីយោធាកងអង្គរក្ស លោកព្រះរាជអាជ្ញា អនុញ្ញាតអោយ អង្គភាពធានា ត្រឡប់ទៅបំរើការងារអង្គភាពវិញ ជាណ្ដោះអាសន្ន ដកហូត រក្សាទុកវត្ថុតាង អាវុធខ្លី ម៉ាក GLOCK-19 មួយដើម និងម៉ូតូមួយគ្រឿង។ ចំណែកសពជនសង្ស័យ ត្រូវបានប្រគល់ អោយឪពុកម្ដាយ ទទួលយកធ្វើបុណ្យ តាមប្រពៃណី ៕