កម្មករ ប្រមាណជា ៥០ នាក់ បានរងរបួស ធ្ងន់និងស្រាល ដោយសាររថយន្តដឹកកម្មករមួយគ្រឿង ប៉ះគ្នាជាមួយរថយន្ត ធុនតូច ក្នុងទិសដៅបញ្ច្រាសគ្នា និងក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យ ក្រឡាប់ផ្ងារជើង

កំពង់ឆ្នាំង: នៅ យប់ថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវកៅស៊ូ មួយកន្លែង នៅចំណុចព្រៃឆ្មា ក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ។
ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្ដាលមកពី រថយន្តធុនតូច ស្រវឹងបើកបរ បុកជាមួយនឹងរថយន្តធុនធំដឹកកម្មករ បើកបរបញ្ច្រាសទិសគ្នា គេចធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង។
មុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A ១៤២២ បើកបរដោយបុរសឈ្មោះ យន ភាវ អាយុ ២៧ ឆ្នាំ រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ក្នុងដំណើរពីទិសខាងកើត ទៅខាងលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្ត មួយគ្រឿង ម៉ាកហុងដា ស៊ីវីក (Honda Civic) ពណ៌ស គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ រិន អាយុ ៥០ឆ្នាំរស់នៅភូមិត្រពាំងថ្ម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បើកក្នុង ស្ថានភាពស្រវឹង បណ្ដាលឲ្យរថយន្តដឹកកម្មករ ក្រឡាប់ផ្ងារជើង ឡើងលើ បណ្ដាលឲ្យ កម្មករ ចំនួន ៥៧ នាក់ បានរងរបួស ក្នុងនោះ ៨ នាក់ រងរបួសធ្ងន់ អ្នករងរបួសទាំងអស់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យស្អែក ស្រុកកំពង់ត្រឡាច ដោយឡែក អ្នករង របួសធ្ងន់ខ្លះ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្រុងភ្នំពេញ និងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេត អ្នកបើកបររថយន្ត ដឹកកម្មករ បានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្ត ហុងដា ស៊ីវីក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាម នីតិវិធី ព្រោះតែការបើកបរ ក្នុងស្ថានភាពស្រវឹង បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង។ ដោយឡែក រថយន្តត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកសាមគ្គីមានជ័យ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង