ជនជាប់ឃុំគ្រឿងញៀនមានច្រើនពេក បង្កការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាព នៅតាមពន្ធនាគារ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងឱកាសតំណាងសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀនមានជាង៥៤% នៃជនជាប់ឃុំសរុប បង្កឲ្យមានការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាព នៅតាមពន្ធនាគារ។
លោក ប៉ាវ ហម ផាន បានថ្លែងថា យោងតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលបានលើកឡើង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ គឺនៅក្នុងការគ្រប់គ្រងពន្ធនាគារ បញ្ហាប្រឈមចម្បងបំផុត ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ គឺភាពចង្អៀតណែនដោយសារការកើនឡើងនៃជនជាប់ឃុំ អាគារ និងហេដ្ឋារចនាសម្ព័ន្ធនៅពន្ធនាគារមួយចំនួន មានភាពចាស់ទ្រុឌទ្រោម និងភាពយឺតយ៉ាវនៃចំណាត់ការរបស់តុលាការជាក់ស្តែង ក្នុងចំណោមជនជាប់ឃុំ ជាង ៣៧.០០០នាក់ មានជនជាប់ឃុំមានសាលក្រម និងសាលដីកា តុលាការ ចំនួនត្រឹមជាង ១១.០០០នាក់ ប៉ុណ្ណោះ។
«ទន្ទឹមនឹងនេះ ជនជាប់ឃុំដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន មានចំនួន ៥៤,៤៤% នៃចំនួនជនជាប់ឃុំសរុប ដែលស្ថានភាពនេះ បានបង្កឲ្យមានការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាពនៅតាមពន្ធនាគារ»។ នេះជាការបន្ថែមរបស់មន្ត្រីក្រសួងមហាផ្ទៃ។
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ លោក ប៉ាវ ហម ផាន បានលើកយកនូវការណែនាំរបស់ សម្តេចក្រឡាហោម អំពីវិធានការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* ត្រូវខិតខំបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមពន្ធនាគារនានា ពិសេសពន្ធនាគារដែលមានអាគារចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបង្កហានិភ័យដល់សន្តិសុខ និងសុវត្ថិភាពនៅតាមពន្ធនាគារទាំងនោះ។
* ចំពោះជនជាប់ឃុំ ដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការពិនិត្យ ព្យាបាល និងបង្កើតកម្មវិធីដើម្បីស្តារនីតិសម្បទាដល់ជនជាប់ឃុំទាំងនោះ។ ទន្ទឹមនឹងនេះ ត្រូវរៀបចំបង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទណ្ឌិត ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីសហការរៀបចំកម្មវិធីអប់រំទណ្ឌិតទាំងនោះ ឲ្យកែប្រែខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គម។
* ដើម្បីលើកកម្ពស់ការអប់រំវិជ្ជាជីវៈដល់ទណ្ឌិត អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវសិក្សាស្រាវជ្រាវបង្កើតឲ្យមានឧស្សាហកម្ម និងកសិឧស្សាហកម្មនៅតាមពន្ធនាគារ។
* ពិនិត្យអំពីតម្រូវការក្របខ័ណ្ឌទៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនីមួយៗ ដើម្បីរៀបចំមន្ត្រីអនុរក្សពន្ធនាគារ ឲ្យស្របតាមទំហំ និងតួនាទីនៃមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត នីមួយៗ។
* អគ្គនាយកដ្ឋាន ត្រូវសិក្សាស្រាវជ្រាវអំពីប្រព័ន្ធនីតិវិធីនានានៃការធ្វើសមាហរណកម្មទណ្ឌិត ដែលត្រូវបានដោះលែងទៅក្នុងសហគមន៍ និងការផ្តល់ព័ត៌មានទៅវិញទៅមក កម្រិតកែប្រែខ្លួនរបស់ទណ្ឌិតក្រោយពេលដោះលែង។
* អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យលទ្ធភាពផ្តល់ឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យ ឱសថ សម្រាប់ប៉ុស្តិ៍សុខភាពពន្ធនាគារ និងជួយពង្រឹងសមត្ថភាពមន្ត្រីពេទ្យពន្ធនាគារ។ ទន្ទឹមនឹងនេះ ពន្ធនាគារនានា ត្រូវយកចិត្តទុក្ខដាក់ពង្រឹងវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ នានាទូទាំងប្រទេស។
ក្នុងឱកាសនោះដែរ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់
ឃុំសរុប ៣៨.០៧០នាក់ ក្នុងនោះស្រី្ត ២.៣៦៧នាក់ ជនជាប់ឃុំដែលចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤% ជនជាប់ឃុំបរទេសចំនួន ១.៦១២នាក់ និងអនីតិជន ១.៤២២នាក់។ ជនត្រូវចោទ ចំនួន ៦.៩៥៥នាក់ ជនជាប់ចោទ ៣.៥៥០នាក់ ពិរុទ្ធជន ១៥.៥៧៣នាក់ និងទណ្ឌិត ១១.៩៩២នាក់។
បើតាមលោក ឆែម សាវុធ បញ្ជាក់ទៀតថា «ជាការកត់សម្គាល់ ជនជាប់ឃុំមានការកើនឡើងកំហុក ចាប់ពីឆ្នាំ២០១៧ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ ទើបតែនៅឆ្នាំ២០២១ ជនជាប់ឃុំបានថយចុះប្រមាណ ១.២០០នាក់ ស្មើនឹង ៣.១៧% បើធៀបនឹងខែធ្នូ ឆ្នាំ២០២០»។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងបន្ថែមថា ដើម្បីឆ្លើយតបតាមបទដ្ឋានជនជាប់ឃុំ ដែលធានាសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ដោះស្រាយ ជារួមបច្ចុប្បន្ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត មានអគារឃុំឃាំង ចំនួន ១៧៣អគារ ស្មើនឹង ១.០១៤បន្ទប់ ដែលធ្វើឡើងឲ្យផ្ទៃក្រឡាសម្រាប់ជនជាប់ឃុំដេក ប្រសើរជាងមុន។
លោកបន្តទៀតថា មន្ត្រីពន្ធនាគារសរុប ២.៩៨២នាក់ ស្ត្រីចំនួន ៤៤៩នាក់ ក្នុងនោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ២០នាក់ ថ្នាក់ដឹកនាំនិងមន្ត្រីចំណុះនាយកដ្ឋានទាំង៥ ចំនួន ៣២២នាក់ ថ្នាក់ដឹកនាំមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទាំង៤ ចំនួន ៨០៨នាក់ និងថ្នាក់ដឹកនាំនិងមន្ត្រីចំណុះពន្ធនាគាររាជធានី ខេត្ត ១.៨៣២នាក់។ លោកថ្លែងដែរថា ចំនួនមន្ត្រីពន្ធនាគារនៅមានតិច ធ្វើឲ្យពិបាកគ្រប់គ្រងពន្ធនាគារ ខណៈពេលដែលអ្នកជាប់ឃុំ នៅតែបន្តកើនឡើងជាលំដាប់៕