មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ប្រើអំពើហឹង្សាលើកុមារី ត្រូវជាកូនស្រីបង្កើតរបស់សង្សារខ្លួន ត្រូវបានចៅក្រមស៊ើបសួរ ចេញដីកា ឃុំខ្លួនហើយ
សៀមរាបៈ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ដែលប្រើអំពើហឹង្សាលើកុមារីត្រូវជាកូនស្រីបង្កើតរបស់សង្សារខ្លួន ត្រូវបានចៅក្រមស៊ើបសួរចេញដីកា ឃុំខ្លួនហើយដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ ។
ជនជាប់សង្ស័យឈ្មោះ លក្ខិណា វីរៈរិទ្ធ ដែលនៅមុនចាប់ខ្លួន និងក្រោយចាប់ខ្លួន ជននោះនៅតែបានសារភាពថា ខ្លូនបានខាំទៅលើកុមារីនោះ ដោយសារខ្នាញ់ពេកមិនមានបំណងអាក្រក់ទេ។
មុនពេលកើតហេតុគឺនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ ជនសង្ស័យខាងលើ ដែលកំពុងរៀនជំនាញនគរបាលនៅខេត្តកំពង់ស្ពឺ ក៏បានណាត់ស្ត្រីដែលជាម្តាយក្មេងស្រីរងគ្រោះ ហើយស្ត្រីនោះត្រូវជាសង្សារនៅឯខេត្តសៀមរាបទៅលេងខេត្តព្រះសីហនុ។ ការធ្វើដំណើរនោះម្តាយក៏បាននាំកូនស្រីអាយុ១ខួប៣ខែទៅជាមួយដែរ ហើយបានទៅជួបគ្នានៅខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន។
នៅពេលជួបគ្នា ឈ្មោះលក្ខិណា វីរៈរិទ្ធ បានសុំពរកុមារីជនរងគ្រោះ តែកុមារីមិនព្រមស្រាប់តែក្រោយ មកជននោះបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែងលើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយក្មេងសួរពីរឿងវាយធ្វើបាបកូនស្រី ស្រាប់តែជននោះគេឆ្លើយដោះសារថាខាំ កូនលេង ព្រោះខ្នាញ់ពេក។
លុះនៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃ នោះជនបង្ក បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឱ្យកុមារីទន់ខ្លួន និងអស់កម្លាំងរើបំរាស់ពុំរួច។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
បែកធ្លាយរឿងនេះម្តាយក្មេងរងគ្រោះបានបង្ហោះហ្វេសប៊ុក និងមានការបង្ហោះតៗគ្នាជាច្រើន ទើបឈានដល់ការស៊ើបអង្កេត ហើយនគរបាលខេត្តសៀមរាបសុំអន្តរាគមន៍ពីថ្នាក់លើ ហើយតាមចាប់នៅខេត្តកំពង់ស្ពឺទីកន្លែងដែលជននោះកំពុងរៀន។
លុះនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនាគារ ឈ្មោះលក្ខិណា វីរៈរិទ្ធ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពីបទហឹង្សា ដោយមានស្ថានទម្ងន់ទោស ។
សូមបញ្ជាក់ថា ជនសង្ស័យមានទីលំបច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ រីឯម្តាយកុមារីរងគ្រោះ មានឈ្មោះ តាំង សុខហ្គេច និងកូនស្រី ឈ្មោះ អ៊ឹង សុខកណ្ណិកា អាយុ១ ឆ្នាំ៣ខែ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានោះកុមារីរងគ្រោះ ក៏បានចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប វិញហើយដែរនៅថ្ងៃទី២៥ ខែមីនានោះបន្ទាប់ពីមុខរបួសបានជាខ្លះៗ។
ជនជាប់សង្ស័យ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ៧១៨៤៨ នឹងមានឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជននៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ខណ:ជនសង្ស័យទៅរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង៕