បង្ក្រាបបទល្មើសនេសាទជាក់ស្តែង តាមដងទន្លេសាប នៅកណ្តាល

កណ្តាល ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ដឹកនាំដោយលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែងតាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស ។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើ និងបំផ្លាញចោលលូស្បៃមុងចំនួន ៣៣ មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំចំនួន ១៩៨០ដើម និងលបនរកចំនួន ២០គ្រឿង។ ដើម្បីលុបបំបាត់់បទល្មើសនេសាទខុសច្បាប់បានលុះត្រាប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹងលើកម្លាំងសមត្ថកិច្ចតែម្ខាងគឺមិនអាចបង្ក្រាបបានជោគជ័យ ១០០%បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធនធានជលផលមានការកើនឡើង គង់វង្សដល់កូនចៅជំនាន់ក្រោយទៀត។

លោកបញ្ជក់ទៀតថា ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុងភូមិសាស្រ្តខេត្តកណ្ដាលឱ្យដូចភ្លៀងរលឹមចាប់ពីពេលនេះតទៅ ពិសេសចាត់វិធានការទៅលើឡូត៍ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ឆាជាតិរបស់យើងមានការកើនឡើង ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលក្នុងពេលថ្មីៗនេះ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចនេសាទទាំងអស់ ត្រូវបង្ក្រាបបទល្មើនេសាទគ្រប់ប្រភេទឱ្យអស់ ដើម្បីធ្វើឱ្យធនធានមច្ចាជាតិមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង