ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចបណ្តោយផ្លូវមុនីរ៉េត ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទប្រុស អាយុ ១៧ ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ នៅតាមផ្លូវ ដោយមានការសង្ស័យ (ភិនភាគដូចជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទស្រី ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គុបពី ពណ៌ ស មិនចាំស្លាកលេខ ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២៣និង៤៧នាទី នៅចំណុចបណ្តោយផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) ។
កម្លាំងសមត្ថកិច្ចបានហៅធ្វើការត្រួតពិនិត្យ និងនាំខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ធ្វើការសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេបក្ខពួកគេចំនួន៩នាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់យកការបូបស្ពាយ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន (តែជនរងគ្រោះបានដណ្តើមកាបូបស្ពាយមកវិញបាន) ។ ចំណែកជនសង្ស័យ៩នាក់ទៀត ឈ្មោះកុង, ឈ្មោះ គុណ និងឈ្មោះ សាល និងបក្ខពួកចំនួន០៦នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។
ជនសង្ស័យឈ្មោះ ណាល់ ផានីន ហៅ ទីន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ គ្មានផ្ទុកសារធាតុញៀន ។
វត្ថុតាងចាប់យកដូចជា៖ ម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១GV-៧៧១៨ (របស់ជនសង្ស័យ) ។
ជនសង្ស័យឈ្មោះ ណាល់ ផានីន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង