ប្ដីប្រពន្ធបើកទ្វារចុះរត់ទាំងព្រលឹងចុងសក់ រថយន្តស៊េរីចាស់មួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង
បាត់ដំបង ៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីចាស់មួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង ខណៈពេលកំពុងធ្វើដំណើរ ដែលត្រូវបានគេអះអាងថា អាចឆ្លងចរន្តភ្លើង ធ្វើឲ្យអ្នកជិះក្នុងរថយន្តពីរនាក់ប្ដីប្រពន្ធបើកទ្វារចុះរត់ទាំងព្រលឹងចុងសក់ នៅលើកំណាត់ផ្លូវជាតិលេខ៥៧A ត្រង់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។
រថយន្តនេះ ម៉ាក CAMRY ស៊េរីឆ្នាំ១៩៩២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-4111 បើកបរដោយឈ្មោះ ទូត ស្រស់ អាយុ៤០ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ មករា រ៉ាទី អាយុ៣៣ឆ្នាំ រស់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល។
អគ្គីភ័យនេះបានឆាបឆេះរថយន្ត តែម្ចាស់ពីរនាក់ប្ដីប្រពន្ធបានបើកទ្វារចុះរត់គេចផុតពីគ្រោះថ្នាក់ ក្រោយពីព្យាយាមបើករថយន្តទៅឈប់ក្បែរចិញ្ចើមថ្នល់ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀតដែរ។ រថយន្តនោះ បានធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ហើយបើតាមការសួរនាំពីម្ចាស់រថយន្ត បានអះអាងថា «រថយន្តខ្ញុំត្រូវភ្លើងឆេះ ដោយសារឆ្លងចរន្តភ្លើងនៅផ្នែកខាងមុខ»។
ខណៈពេលកំពុងតែបើកបរនោះ ប្រពន្ធរបស់គាត់បានប្រាប់ប្ដីថា ធំក្លិនឈ្ងៀមនៅក្នុងរថយន្ត ហើយស្របពេលនោះ ក៏មានផ្សែងហុយចេញពីផ្នែកខាងមុខម៉ាស៊ីនតែម្តង។ ហើយក៏ក្លាយជាអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងយ៉ាងសន្ធោសន្ធៅមួយរំពេច ខណៈពួកគាត់ពីរនាក់ប្តីប្រពន្ធបានបើកទ្វាររថយន្តចាកចេញផុតពីគ្រោះថ្នាក់។ រថយន្តនោះត្រូវភ្លើងឆេះអស់ទាំងស្រុងសល់តែឆ្អឹង តែមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត ឬអ្នកដំណើរដទៃទៀតទេ៕