លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុវជននឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ

កំពង់ធំ: ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអះអាងចំពោះយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថា គណបក្សប្រជាជនកម្ពុជា នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាបានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាព នៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ»។
លោកបណ្ឌិតបានបន្តថា ឈរលើមូលដ្ឋានទិសដៅ និងទស្សនវិស័យនេះ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីតែនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។
លោកបណ្ឌិតក៏មានប្រសាសន៍បន្តទៀតថា ខេត្តកំពង់ធំបានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ជាពិសេសនៅក្រោយការទទួលបានសន្តិភាពពេញលេញក្រោមម្លប់នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលក្រៅពីភារកិច្ចស្នូលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង