លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើល និងជម្រុញឱ្យក្រុមការងារទទួលខុសត្រូវ ចាប់ផ្តើមធ្វើការតម្លើងបញ្ឈរដើម្បីឱ្យបានរួចរាល់មុនថ្ងៃទី១៤ ខែមេសា
ភ្នំពេញៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នំា២០២២នេះ រូបសំណាក ព្រះថោងនាងនាគ មានកម្ពស់ ២១ ម៉ែត្រ បានដឹកមកដល់គោលដៅ ដែលត្រូវតម្លើង នៅរង្វង់ចំណុចប្រសព្វ រវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើល និងជម្រុញឱ្យក្រុមការងារទទួលខុសត្រូវ ចាប់ផ្តើម ធ្វើការតម្លើងបញ្ឈរ ដើម្បីឱ្យបានរួចរាល់ មុនថ្ងៃទី១៤ ខែមេសា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ថា ការតម្លើងបញ្ឈររូបសំណាក ព្រះថោង នាងនាគ ត្រូវចាប់ផ្តើម នៅព្រឹកថ្ងៃនេះ តែក្រុមការងារ នៅមិនទាន់រៀបចំ បានរៀបរយ ទោះជាយ៉ាងយើង (គួច ចំរើន) នឹងធ្វើការតម្លើង រូបសំណាកនេះ ឱ្យបានបញ្ឈររួចរាល់ នៅមុនថ្ងៃទី១៤ ខែមេសា ដើម្បីបានធ្វើពិធីអភិសេក នៅថ្ងៃឡើងស័ក នៃបុណ្យចូលឆ្នាំថ្មី ខាងមុខ។
រូបសំណាក ព្រះថោង នាងនាគ ដែលមានកម្ពស់ ២១ ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយស្នាដៃ កូនខ្មែរ បានផលិតបង្គុំ នៅប្រទេសចិន ហើយដឹកមកដល់កំពង់ផែ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា និងបានដឹកជញ្ជូនបន្ត មកដល់រង្វង់មូល ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបសំណាក ព្រះថោង នាងនាគ នេះ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើក គង់លើបល្ល័ង នៅរង្វង់មូល ខាងលើ ជារូបសំណាកទី៣ បន្ទាប់ពីរូបសំណាក បដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី នៅខាងមុខ រោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ៕