ស្នេហាត្រីកោណ! បណ្តាលឱ្យយុវជន២នាក់ទាស់សម្តីគ្នា រួចហើយត្រូវបានយុវជនជាគូទំនាស់ទាញកាំបិតផ្គាក់កាប់ បណ្តាលឱ្យយុវជនម្នាក់រងរបួសដៃឆ្វេង

ខេត្តប៉ៃលិន ៖ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងករណីហិង្សាដោយចេតនាមួយនេះពីជនរងគ្រោះឈ្មោះ សែម លីហាយ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ សែម លីហាយ អាយុ២២ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរ០២ថ្នេរ)។ ចំណែកជនបង្កមាន ឈ្មោះ វិត មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិជាមួយគ្នា។

ករណីស្នេហាត្រីកោណ រវាងយុវជនពីរនាក់ស្រឡាញ់ស្រីម្នាក់នេះកើតឡើងដោយសារតែខាងស្រីចិត្តមិនដាច់គឺស្រឡាញ់យុវជនទាំងពីរនាក់តែម្តង។ លុះនៅម៉ោងកើតហេតុយុវជនទាំងពីរនាក់បាននិយាយប្រកែកគ្នាចុះឡើងៗ ធ្វើឱ្យនារីជាសង្សារសម្រេចចិត្តយកម្នាក់ ទើបបង្កទៅជាការឈ្លោះទាស់ទែងគ្នាធ្វើឱ្យជនដៃដល់ទាញយកកាំបិតផ្គាក់កាប់ប្រហារទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសត្រង់ដៃឆ្វេង ដេរអស់ចំនួន០២ថ្នេរ រួចជនសង្ស័យក៏រត់គេចខ្លួនភ្លាមៗបាត់ទៅ។
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងស្រាវជ្រាវតាមរកជនសង្ស័យដែលបានកាប់ប្រហារជនរងគ្រោះហើយរត់គេចខ្លួនដើម្បីយកមកចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង